អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កំពុងជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅតាមគ្រឹះស្ថានសិក្សា
ភ្នំពេញ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងជំរុញការផ្សព្វផ្សាយ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅតាមគ្រឹះស្ថានសិក្សាដូចជា សាកលវិទ្យាល័យ និងវិទ្យាល័យ នានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រោយពីច្បាប់នេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ថា ចាប់តាំងពីខែមករា រហូតមកទល់នឹងពេលនេះ មន្រ្តីជំនាញនៃក.ប.ប. បានធ្វើការច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅតាមគ្រឹះស្ថានសិក្សានានា ចំនួន១២ទីតាំងហើយ ដែលស្ថិតនៅក្នុងរាជធានីខេត្តចំនួន១២ ។ ចំពោះការអនុវត្តច្បាប់នេះ ក.ប.ប. នៅតែបន្តអនុវត្ត ដូចភ្លៀងរលឹម ដោយមន្រ្តីបានឃ្លាំមើលនៅតាមឃ្លាំងមួយចំនួន និងបានរឹបអូសនូវចំណីអាហារ និងសាច់បង្កក ដែលខូចគុណភាព បានប្រមាណជា២០តោន ដើម្បីយកមកកម្ទេចចោល។
ឯកឧត្តម ផាន អូន បានបញ្ជាក់ថា ៖ «យើងនឹងធ្វើការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច ទៅលើទឹកប្រាក់ពិន័យអន្តរការណ៍ ដែលយើងតែងចាត់ទុកថា ជាព្រហ្មទណ្ឌ ដើម្បីដាក់ការព្រមាន ហើយបុគ្គលដែលប្រពឹ្រត្តខុស និងបំពានច្បាប់ ត្រូវមកធ្វើការបង់ប្រាក់ពិន័យអន្តរការណ៍ ដើម្បីរំលត់បណ្តឹងអាជ្ញាតាមក្រមព្រហ្នទណ្ឌ»។ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានប្រាប់ឱ្យដឹងដែរថា រាជរដ្ឋាភិបាល បានប្រឹងប្រែងយកចិត្តទុកដាក់ណាស់ ក្នុងការបង្កើតច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង សម្រាប់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកបរិភោគឱ្យទទួលបានការផ្គត់ផ្គង់ចំណីអាហារប្រកបដោយសុវត្ថិភាព។ ប៉ុន្តែអនុវត្តច្បាប់នេះ នៅមានកម្រិតនៅឡើយ
ដោយសារតែច្បាប់ទើបតែប្រកាសឱ្យអនុវត្តការពីពាក់កណ្តាលឆ្នាំមុន។
លោកបានបញ្ជាក់ថា ៖ «ការអនុវត្តច្បាប់នៅមានកម្រិតនេះ ដោយសារតែសហគ្រាសចំណីអាហារមួយចំនួនមិនទាន់បានចុះបញ្ជីនៅឡើយ។ ដោយឡែកការចុះបញ្ជីរបស់ហសគ្រាសចំណីអាហារនានានោះ អាចថាដោយសារតែភាពស្មុគស្មាញនៃនីតីវិធី ក្នុងការចុះបញ្ជី ដែលធ្វើឱ្យពួកគាត់រារែកមិនចង់ចុះបញ្ជី ជាហេតុធ្វើឱ្យគ្រប់គ្រង និងការយល់ដឹងពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់ពួកគាត់នៅមានកម្រិត»។ ជាមួយគ្នានេះដែរ លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡេន ខេល័រ បានសង្កេតឃើញថា ក.ប.ប បានធ្វើការយ៉ាងសកម្មក្នុងការគិតគូរ
សុវត្ថិភាព និងសុខភាពដល់សិស្សានុសិស្សសាលារៀន ជាពិសេសសាលបឋមសិក្សា ដែលសកម្មភាពនឹងអាចជួយធានាដល់សុវត្ថិភាព និងសុខភាពសិស្ស។
ចំពោះអង្គការ ហេឡេន ខេល័រ លោក ហ៊ូ ក្រើន បានប្រាប់ឱ្យដឹងថា កន្លងមកអង្គការបានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការសាកល្បងក្នុងអនុវត្តកម្មវិធីមួយឈ្មោះថា សាលាល្អ អាហារល្អ អនាគតបវររុងរឿង ដែលបានអនុវត្តជាមួយសាលាចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីធានាថា មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរភូមិឃុំ មណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធដទៃទៀតយល់ពីគុណតម្លៃ និងសារៈប្រយោជន៍នៃការទទួលទានអាហារល្អសម្រាប់សិស្សានុសិស្ស។
លោកបានបញ្ជាក់បន្ថែមថា ៖ «ឥឡូវកម្មវិធីសាកល្បងនេះ បានបញ្ចប់ទៅហើយ ខណៈបច្ចុប្បន្នយើងកំពុងរៀបចំ ដើម្បីពង្រីកកម្មវិធីនេះបន្តទៀត តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបន្តទៀត ដោយលើកនេះ យើងនឹងអនុវត្តជាមួយសាលាចំនួន ២៥០ នៅក្នុងខេត្តចំនួន៣ ដែលនឹងអនុវត្តនៅឆ្នាំក្រោយ។ ការអនុវត្តកម្មវិធីនេះ ដើម្បីធានានៅតាមសាលារៀនទាំងអស់ នឹងមិនមានលក់ចំណីអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់កុមារនោះទេ»។ សូមជម្រាបថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១១ ខែឧសភា នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង ពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២ នាសម័យ
ប្រជុំជាវិសាមញ្ញ នីតិកាលទី ៤ និងត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៨ ខែមិថុនា។
ច្បាប់នេះមាន១១ជំពូក និង ៤៣មាត្រា រៀបចំឡើងដើម្បីឆ្លើយតបតាមតម្រូវការ នៃពាណិជ្ជកម្មក្នុងស្រុក និង អន្តរជាតិ ការពារសុខុមាលភាពប្រជាពលរដ្ឋ និងទំនិញមានគុណភាព ព្រមទាំងសុវត្ថិភាពល្អ។ ច្បាប់នេះកំណត់អំពីក្របខ័ណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារ សម្រាប់អ្នកប្រើប្រាស់
និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ ដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ និងលើអាជីវកម្មម្ហូបអាហារនៅព្រះរាជាណាចក្រកម្ពុជា សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ គ្រប់គ្រង ហានិភ័យម្ហូបអាហារ ដែលចរាចរលើទីផ្សារ និងម្ហូបអាហារនាំចូល និងធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់៕
ដោយ៖វណ្ណ សុជាតា