រដ្ឋមន្រ្តីកសិកម្ម ស្នើក្រុមហ៊ុន Agrostudies នាំចូលកសិផលកម្ពុជា ទៅកាន់ទីផ្សារអ៊ីស្រាអែល
ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies កាលពីថ្ងៃទី២០ ខែមីនា បានស្នើដល់ក្រុមហ៊ុននេះពិនិត្យលទ្ធភាពនាំចូលកសិផលកម្ពុជាដែលអាចនាំចូលទៅទីផ្សារប្រទេសអ៊ីស្រាអែលបាននិងមានទីផ្សារជាក់លាក់តម្លៃខ្ពស់ ចំណេញច្រើន និងមាននិរន្តរភាពសេដ្ឋកិច្ចដូចជា ដំណាំប៊័រ មណ្ឌលគិរី ដែលត្រូវមានការសិក្សាទាំងលើប្រព័ន្ធស្រោចស្រព និងគោលដៅទីផ្សារ។
យោងតាមក្រសួងកសិកម្មបានស្រង់ប្រសាសន៍រដ្ឋមន្រ្តីមកបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនិងតម្លៃនៃប្រទេសទាំងពីរ ពិសេសឱកាសទីផ្សារទាំងការនាំចេញនិងនាំចូល ហើយសម្រាប់ក្រសួងស្វាគមន៍រាល់ការវិនិយោគកសិកម្មមកកាន់កម្ពុជា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀង ធានាបាននូវស្ថេរភាពផ្គត់ផ្គង់ក្នុងស្រុក និងលទ្ធភាពសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងៗដូចជាជប៉ុនជាដើម។
ក្រៅពីការស្នើឱ្យក្រុមហ៊ុនអ៊ីស្រាអែលនេះ នាំចូលកសិផលកម្ពុជាហើយ ឯកឧត្តម ឌិត ទីណា ក៏បានស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្មនេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង ដោយតែ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies មានកិច្ចសហប្រតិបត្តិការរវាងក្នុងការរៀបចំកម្មវិធីហាត់ការរបស់និស្សិតកសិកម្មសម្រាប់រយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យមានការយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់និស្សិតហាត់ការ ព្រមទាំងជំរុញនិស្សិតឱ្យចាប់យកជំនាញភាសាបរទេសពិសេសភាសាអង់គ្លេស ដើម្បីពង្រីកការសិក្សាស្រាវជ្រាវ និងទំនាក់ទំនងទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ រួមទាំងបច្ចេកទេសផលិតកម្មដំណាំ ការសិក្សាពីប្រព័ន្ធស្រោចស្រពនៅអ៊ីស្រាអែល ដែលអាចយកមកសិក្សាបន្ថែមពីលទ្ធភាពនៅកម្ពុជា ដើម្បីឈានទៅដល់ការធ្វើកសិកម្មវ័យឆ្លាត (Smart Farm)។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនាថា វិស័យឯកជនក្នុងស្រុកមានការគាំទ្រចំពោះបច្ចេកវិទ្យាថ្មី មកពីប្រទេសអ៊ីស្រាអែល ដោយកន្លងមកក៏មានក្រុមហ៊ុនមួយចំនួន បានមកវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាផ្នែកកសិកម្មនេះដែរ ។លោកបានបញ្ជាក់ថា កន្លងមកសូម្បីតែចម្ការរបស់ខ្ញុំ ក៏បានប្រើប្រាស់បច្ចេកវិទ្យាកសិកម្មមកពីអ៊ីស្រាអែលដែរ ដោយត្រឹមមានការរៀបចំប្រព័ន្ធស្រោចស្រពនោះទេ តែក៏មានបច្ចេកវិទ្យាលើការធ្វើរង ការដាក់ជីកសិកម្ម និងការបង្កាត់ពូជថ្មីៗជាដើម ។ ឧកញ៉ា លឹម ហេង បានបន្តថា យើងរំពឹងថា នឹងមានការវិនិយោគបន្ថែមទៀតពីការខាងអ៊ីស្រាអែល ជាពិសេសក្រោយពីមានការសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា
និងសភាពាណិជ្ជកម្មអ៊ីស្រាអែល។ម្យ៉ាងវិញទៀតការអភិវឌ្ឍធនមនុស្សក៏រឹតតែសំខាន់ បើសិនជាសិស្សនិស្សិតកសិកម្មយើង ទៅសិក្សារៀនសូត្រនៅអ៊ីស្រាអែលបានច្រើន ខ្ញុំជឿថា វិស័យកសិម្មកម្ពុជា នឹងកាន់តែរីកចម្រើន។
បើតាមក្រសួងកសិកម្មឱ្យដឹងថា កម្មវិធីហាត់ការរបស់និស្សិតកសិកម្មសម្រាប់រយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល ផ្តោតលើការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្ម បានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨មកដល់បច្ចុប្បន្ន ហើយគិតត្រឹមឆ្នាំ២០២៣នេះ និស្សិត មាន១៥ជំនាន់ហើយ ដែលមាននិស្សិតបានចូលរួមកម្មវិធីហាត់ការសរុបចំនួន ១.៧១៩នាក់។ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ នឹងមាននិស្សិតចំនួន ២០០នាក់បន្ថែមទៀតចូលរួមក្នុងវិធីនេះ៕ដោយ៖វណ្ណ សុជាតា