អ្នកនាំពាក្យ៖ សមយុទ្ធរួមគ្នារវាងកម្ពុជា-ចិន ឆ្នាំ២០២៣ មិនមែនដើម្បីគំរាមកំហែងដល់ប្រទេសណាឡើយ តែផ្លាស់ប្តូរបទពិសោធន៍គ្នា
ភ្នំពេញ៖ខណៈសមយុទ្ធយោធារួមនាគមាសឆ្នាំ២០២៣រវាងកម្ពុជា និងចិននឹងចាប់ផ្តើមឡើង អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា សមយុទ្ធរួមគ្នានេះមិនមែនធ្វើឡើងក្នុងគោលដៅគំរាមកំហែងសន្តិសុខចំពោះប្រទេសណាមួយឡើយ ពោលគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ផ្នែកការពាររវាងកងទ័ពទាំងពីរប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងសមយុទ្ធនាគមាស២០២៣ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានលើកឡើងថា សមយុទ្ធយោធារួមរវាងកម្ពុជា និងចិនក្នុងឆ្នាំ២០២៣ នេះ គឺធ្វើឡើងដោយគ្រោងទុកជាយូរមកហើយ មិនមែនជាការចៃដន្យឡើយ ពោលគឺតាមការព្រមព្រៀងរវាងភាគីទាំងពីររតាំងពីឆ្នាំ២០១៥ ។ លោក ថោង សូលីម៉ូ បញ្ជាក់ថា កងទ័ពកម្ពុជាជាង ៥០០ នាក់ និងកងទ័ពចិនជាង ២០០ នាក់ នឹងធ្វើសមយុទ្ធរួមគ្នា ហៅថា សមយុទ្ធនាគមាស២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»
ដែលនឹងចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
ឯកឧត្តម ថោង សូលីម៉ូ ក៏បានច្រានចោលការលើកឡើងថា សមយុទ្ធរួមគ្នារវាងកម្ពុជា និងចិនធ្វើឡើងក្រោមស្ថានភាពភូមិសាស្រ្តនយោបាយតានតឹងពីការប្រកួតប្រជែងឥទ្ធិពលចិននិងសហរដ្ឋអាមេរិកជាពិសេសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈសមយុទ្ធជាគម្រោងតាមផែនការពីឆ្នាំ២០១៥។
លោកបន្តថា ៖ «កម្ពុជាបើកទទួលស្វាគមន៍រាល់ប្រទេសទាំងអស់ក្នុងការសមយុទ្ធយោធា មិនចំពោះចិន ឬប្រទេសណាមួយឡើយ»។
ឯកឧត្តម ថោង សូលីម៉ូ គូសបញ្ជាក់បន្ថែមថា កន្លងមក និងបច្ចុប្បន្ន ការធ្វើសមយុទ្ធយោធារបស់កម្ពុជាគឺមិនសំដៅតែនៅលើប្រទេសណាមួយឡើយ គឺកម្ពុជាមានការស្វាគមន៍រាល់បណ្តាប្រទេសទាំងអស់ដែលមានបំណងធ្វើសមយុទ្ធជាមួយកម្ពុជា។ប៉ុន្តែអ្វីជាការសំណូមពររបស់កម្ពុជា គឺសាមីប្រទេសដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាត្រូវតែធ្វើសំណើមករដ្ឋាភិបាលកម្ពុជា ហើយរាល់ប្រធានបទដែលលើកមកត្រូវសមស្រមនឹងគោលនយោបាយរដ្ឋាភិបាលកម្ពុជា ច្បាប់អន្តរជាតិ និងមិនមានការគំរាមកំហែង ឬប្រឆាំងដល់ប្រទេសទី៣។
លោកបន្ថែមទៀតថា សមយុទ្ធនោះត្រូវតែបម្រើឱ្យផលប្រយោជន៍ភាគីកម្ពុជា, ទីតាំងដែលត្រូវធ្វើសមយុទ្ធគឺភាគីកម្ពុជាជាអ្នកកំណត់ និងសំណូមពរចុងក្រោយ គឺរាល់ការចំណាយសម្រាប់សមយុទ្ធ ត្រូវរ៉ាប់រងដោយភាគីដែលស្នើធ្វើសមយុទ្ធនោះ។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមកម្ពុជា-ចិន ធ្វើឡើងនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមួយភាគីកម្ពុជាមានកម្លាំងចូលរួមចំនូន ៥៨៣នាក់ ព្រមទាំងឧបករណ៍រាវមីន ការបំផ្ទុះគ្រាប់មីន និងការបន្សាបជាតិគីមីជាដើម។
ចំណែកភាគីចិន មានកម្លាំងចូលរួម ២៥៧ នាក់ រថយន្ត ៤៣គ្រឿង អាវុធថ្មើរជើង សម្ភារៈស៊ើបការណ៍ គ្រឿងបោសសម្អាតជាតិផ្ទុះ និងឧបករណ៍បន្សាបជាតិគីមី រួមនឹងសម្ភារៈសុខាភិបាល។
សមយុទ្ធនាគមាស២០២៣ នេះមានប្រធានបទជាច្រើន ប៉ុន្តែផ្តោតសំខាន់លើបញ្ហាពីរចំណុចធំៗ គឺ ការរ៉ាវរកនិងដោះមីន និងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលមិនបានដឹងពីមូលហេតុ ហើយមិនមែនការបាញ់អាវុធធន់ធ្ងន់ដូចបណ្តាឆ្នាំសមយុទ្ធកន្លងទៅនោះឡើយ។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម ថោង សូលីម៉ូ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា សមយុទ្ធរួមគ្នារវាងកម្ពុជា និងចិនស្ថិតនៅក្នុងកាលវិភាគីដែលភាគីទាំងពីរ បានកំណត់ ដែលមិនមែនជាសមយុទ្ធក្នុងន័យគំរាមកំហែង ឬបង្ហាញសាច់ដុំដល់បណ្តាប្រទេសណាមួយឡើយ ដោយមើលតាមពិធីការនិងលក្ខណៈសមយុទ្ធ
ហើយមួយវិញទៀតវាជាចំណងកិច្ចសហការរវាងកម្ពុជានិងចិន ជាពិសេសលើវិស័យការពារជាតិ។
លោក យង់ ពៅ ថ្លែងថា ៖ «សមយុទ្ធនេះជួយដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ, កិច្ចសហការរវាងកងទ័ព និងកងទ័ពប្រទេសទាំងពីរ ហើយវាផ្តល់នូវអត្ថប្រយោជន៍លើការហាត់សម ជួយសង្គ្រោះ គ្រប់គ្រងហានិភ័យក្នុងវិស៏័យកងទ័ពហ្នឹង ព្រមទាំងដើម្បីបង្កើនសមត្ថភាពកងទ័ពផង»។ លោកបន្ថែមថា រដ្ឋាភិបាលគួរធ្វើការបកស្រាយត្រង់ចំណុចនេះឲ្យច្បាស់ជាមួយបណ្តាប្រទេសលោកខាងលិច និងអន្តរជាតិ ពាក់ព័ន្ធសមយុទ្ធយោធាតាមការគ្រោងទុក
ដែលមិនពាក់ព័ន្ធនឹងកម្តៅភូមិសាស្ត្រនយោបាយអន្តរជាតិ ជាពិសេសជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន ចៀសវាងមានការផ្តល់រូបភាពអវិជ្ជមាន និងភាពទោរម្និញដល់លោកខាងលិច។
សម្រាប់លោក សេង វណ្ណលី សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ក៏បានលើកឡើងដែរថា សមយុទ្ធយោធានេះមិនមែនជាលើកទី១ នោះទេ ខណៈភាគីទាំងពីរធ្លាប់ធ្វើសមយុទ្ធរួមជាញឹកញាប់ តែត្រូវខកខានមួយរយៈ ហើយក្នុងឆ្នាំ២០២៣ នេះទំនងជាដើម្បីបង្កើនសមត្ថភាពយោធា និងចំណងកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ។ គួររំឭកថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមាន
បានចំនួន ៤លើករួចមកហើយ ពោលគឺ លើកទី១ ក្នុងឆ្នាំ២០១៦ លើកទី២ ក្នុងឆ្នាំ២០១៨, លើកទី៣ ក្នុងឆ្នាំ ២០១៩ និងលើកទី៤ ក្នុងឆ្នាំ ២០២០។
ភាគីទាំងពីរបានផ្អាកចំនួនបី លើក គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយឆ្នាំ២០២៣ នេះជាសមយុទ្ធរួមគ្នាលើកទី៥ដែលនឹងត្រូវចាប់ផ្តើមឡើងវិញ៕
ដោយ៖សំបាន ច័ន្ទដារ៉ា