រាជរដ្ឋាភិបាលអាល្លឺម៉ង់ និងអូស្រ្តាលី ផ្តល់ជំនួយជាសម្ភារៈ ការិយាល័យជិត​៦០មុខ ដល់មូលនិធិជាតិ​ជំនួយសង្គម​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មូលនិធិជាតិជាតិជំនួយសង្គមនៅថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៣ បានទទួលនូវអំណោយសម្ភារៈការិ​យាល័យជិត ៦០ មុខ ដែលជាអំណោ​យរបស់រាជរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងអូស្រ្តាលី តាមរយៈអង្គការGIZ ដើម្បីគាំទ្រការងារមូលនិធិនេះឲ្យផ្ដល់សេវាជំនួយសង្គមប្រកបដោយប្រសិទ្ធភាព។ ការ​ប្រគល់-ទទួលនេះ ត្រូវបានធ្វើឡើងនៅអគារមូលនិធិជាតិជំនួយសង្គម​

ក្រោមអធិបតីលោកស្រី ញ៉េប សុភាព រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

បើតាមឯកឧត្តម ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ថា​ អំណោយដែលរាជរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងអូស្រ្តាលី បានផ្ដល់ជូនមកឲ្យមូលនិធិជាតិជំនួយសង្គម ​សុទ្ធតែជាសម្ភារៈការិយាល័យទាំងអស់។សម្ភារៈសរុបចំនួនជិត ៦០ មុខ នោះរួមមាន៖ កុំព្យូទ័រយួរដៃចំនួន២៧គ្រឿង, ​ម៉ាស៊ីនព្រីនចំនួន១២គ្រឿង, ម៉ាស៊ីនថតចម្លងចំនួន៦គ្រឿង, ឧបករណ៍សម្រាប់សន្និសីទ ឬប្រជុំតាមប្រព័ន្ធអនឡាញចំនួន១ឈុត,ទូរទស្សន៍ចំនួន៦, កាមេរ៉ា និងគ្រឿងបន្លាស់នានាចំនួន១ឈុត រួមទាំង តុ កៅអីការិយាល័យជាដើម។

ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងថា ៖ «ជំនួយសម្ភារៈទាំងនោះសរុបជាថវិកាប្រមាណប្រាំពីរម៉ឺនដុល្លារ ក្នុងការផ្ដល់ជូនមូលនិធិជាតិជំនួយសង្គមសម្រាប់ដំណើរការងារប្រចាំថ្ងៃជាផ្លូវការ ក្នុងការពង្រឹងស្ថាប័ន ជំនួយសង្គម»។ ការផ្តល់ជំនួយសម្ភារៈទាំងអស់នេះដែរ គឺផ្អែកលើទៅលើចុះអនុស្សរណៈនៃការយោគយល់រវាងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់(GIZ) ជាមួយនឹងមូលនិធិជាតិជំនួយសង្គម។ ឯកឧត្តមលើកឡើងថា ៖ «ចំពោះសម្ភារៈទាំងអស់ហ្នឹង វាបានរួមចំណែកក្នុងដំណើរការអនុវត្តការងារ និងគាំទ្រការងារប្រចាំថ្ងៃរបស់មូលនិធិជាតិជំនួយសង្គម។ មួយវិញទៀត វាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលសហព័ន្ធសហព័ន្ធអាល្លឺម៉ង់ និងរាជរដ្ឋាភិបាលអូស្រ្តាលី

ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងកាផ្ដល់សេវាជំនួយសង្គមតាមបែបឌីជីផល»។

​​ជំនួយសម្ភារនេះផងដែរ អង្គការGIZ ក៏នឹងផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីនៃមូលនិធិជាតិជំនួយស​ង្គមដូចជាផ្តល់វគ្គបណ្តុះបណ្តាលទៅលើទ្រឹស្តី និងរួមទាំងបច្ចេកទេស ហើយជាពិសេសគឺផ្ដល់អ្នកជំនាញ ក្នុងការមកបង្ហាត់បង្រៀនមន្ត្រីនៅមូលនិធិជាតិជំនួយសង្គមខណៈពេលកំពុងអនុវត្តការងារជាក់ស្ដែង៕

ដោយ៖ជា សុខនី

ads banner