អ្នកវិភាគចៅចាក់ស្មុក៖ តើអ្នកកាសែតវិទ្យុ​ ឌឹ ខេមបូឌា ដេលី នៅសហរដ្ឋអាមេរិកមិនយល់ភាសាអង់គ្លេស ឬមានចេតនាបំភ្លៃព័ត៌មាន​ញុះញង់ ដើម្បីបម្រើនគោលដៅនយោបាយទុច្ចរិតរបស់ខ្លួន?

ភ្នំពេញ៖ វិទ្យុ ឌឹ ខេមបូឌា ដេលី ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងមានតែបុគ្គលិកពីរនាក់ រួមមានឈ្មោះ​ តាំង សារ៉ាដា និង​ហាស់ សាន ដែលបុគ្គលពីរនាក់នេះគឺជាអតីតបុគ្គលិកត្រូវបានវិទ្យុអាស៊ីសេរី បណ្តេញចេញបានផ្សាយព័ត៌មានបំភ្លៃការពិតទាក់ទងនឹង លោក ហ៊ុន ម៉ាណែត ដោយចោទប្រកាន់ទាំងបំពានគ្មានភស្តុតាងថា ជា «មេបណ្តាញរកស៊ីឈើខុសច្បាប់» ក្នុងការផ្សាយរបស់ខ្លួនកាលពីថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២៣។

ការចោទប្រកាន់ដែលសម្អាងលើអត្ថបទមួយរបស់អង្គភាពសារព័ត៌មានឈ្មោះ ម៉ុងហ្គាបេ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសរសេរដោយអ្នកយកព័ត៌មានជនជាតិអង់គ្លេសឈ្មោះ Gerry Flynn។​ អត្ថបទដើមមិនមានការ ចោទប្រកាន់ដូចអ្វីដែលវិទ្យុឌឹ ខេមបូឌា​ ដេលីផ្សាយឡើយ ហើយអ្នកកាសែតដែលសរសេរអត្ថបទនេះក៏បានបញ្ជាក់ក្នុងបទសម្ភាសជាមួយកាសែត​ ​ខ្មែរ​​ថែមស៍ ចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា «ខ្ញុំមិនបានសរសេរអ្វីដូចដែលបានផ្សាយនៅខេមបូឌាដេលីទេ»។

ប្រសិនបើអត្ថបទដើមជាភាសាអង់គ្លេស និងការចេញមកបញ្ជាក់របស់អ្នកកាសែតឈ្មោះ​ Gerry Flynn ​ថាមិនសរសេរដូចអ្វីដែលវិទ្យុ​ឌឹ ខេមបូឌា ដេលី ផ្សព្វផ្សាយ តើវិទ្យុនេះបានព័ត៌មានមកពីណា? នៅក្នុងអត្ថបទដើមដែលផ្សាយក្នុងអង្គភាពព័ត៌មាន​ម៉ុងហ្គាបេ គឺគ្រាន់តែបង្ហាញរូបថតប៉ុន្មានសន្លឹកដែលបុគ្គល ដែលត្រូវចោទថាមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់​ បានថតរូបជាមួយលោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធី សាធារណៈដែលទម្លាប់បៀបនេះ លោក ហ៊ុន ម៉ាណែត តែងតែធ្វើនៅពេលជួបជាមួយសាធារណជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជាការគោរពស្រឡាញ់របស់ប្រជាពលរដ្ឋខ្មែរចំពោះលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែបែរជាវិទ្យុ​​​​ ឌឹ ខេមបូឌា ដេលី តាមរយៈបុគ្គលិកគ្មានវិជ្ជាជីវៈសារព័ត៌មាន ហាស់ សាន បែរជាសរសេរ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត មានចរិតវាយប្រហារ មិនមែនជាគោលការណ៍នៃសារព័ត៌មានតែជាឧបករណ៍នយោបាយប្រឆាំង សងសឹក និងផ្សព្វផ្សាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក ហ៊ុន ម៉ាណែត។

តើបុគ្គលិកវិទ្យុ​ ឌឹ ខេមបូឌា ដេលី មិនចេះភាសាអង់គ្លេស មើលអត្ថបទរបស់កាសែត ម៉ុងហ្គាបេ មិនយល់ ឬក៏មានចេតនានយោបាយទុច្ចរិត គំនុំសងសឹកដោយសារតែនិន្នាការផ្គាប់មុខរបស់វិទ្យុនេះ និងការភ្ជាប់ទំនាក់ទំនងរបស់វិទ្យុនេះនឹងក្រុមប្រឆាំងក្បត់ជាតិ? ថាបុគ្គលិកវិទ្យុ ឌឹ ខេមបូឌា ដេលីទាំង២ រូប មិនចេះភាសាអង់គ្លេសពិតជាមិនត្រឹមត្រូវឡើយ ព្រោះបុគ្គលទាំងពីរនាក់នេះ មានសញ្ជាតិអាម៉េរិក និងកំពុងរស់នៅនិងបម្រើការងារឱ្យវិទ្យុ ឌឹ ខេមបូឌា ដេលី នៅលើទឹកដីនៃសហរដ្ឋអាម៉េរិកថែមទៀត។

ដូច្នេះពួកគេមានចំណេះដឹងភាសាអង់គ្លេសគ្រប់​គ្រាន់ ដូចបុគ្គលនានាដែលបានអានអត្ថបទដើមជាភាសាអង់គ្លេស រកមិនឃើញពីការចោទប្រកាន់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាមេបណ្តាញរកស៊ីឈើខុសច្បាប់ដូចវិទ្យុឌឹ ខេមបូដេលី ផ្សាយដោយយោងលើអត្ថបទនេះទេ។ នេះសបញ្ជាក់ឱ្យឃើញថា វិទ្យុ​​ ឌឹ​ ខេមបូឌា​ ដេលី​ ប្រព្រឹត្តកំហុសវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ ដកស្រង់អត្ថបទសារ​ព័ត៌មានដទៃទៅផ្សាយ ប្រើឈ្មោះគេ តែបំភ្លៃព័ត៌មានខុសពីការពិត។ បំភ្លៃព័ត៌មានដើម្បីបម្រើឱ្យល្បិចកលនយោបាយដ៏ថោកទាបរបស់បក្ខពួកក្រុមប្រឆាំងរបស់ខ្លួន ក្នុងការយុទ្ធសាស្ត្រផ្សាយព័ត៌មានមិនពិត និងបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ។

ការបំភ្លៃព័ត៌មានរបស់វិទ្យុ ឌឹ ខេមបូឌា ដេលី ត្រូវបានលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែមីនា​ បានប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះដើម្បីការពារភាពត្រឹមត្រូវ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ លោកបានលើកឡើងថា៖​ «បើសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពិតជាសារព័ត៌មាន វិជ្ជាជីវៈនិងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយព័ត៌មានមិនពិតទេនោះ សូមបង្ហាញភស្តុតាងនមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់»។

លោកបានលើកឡើងថា៖ «វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយពត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។ ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។

រហូតមកដល់ពេលនេះ ទោះបីជាម្ចាស់អត្ថបទដើមបានលើកឡើងថាគាត់មិនបានសរសេរអ្វីដូចដែលបានផ្សាយនៅលើវិទ្យុឌឹខេមបូឌាដេលីក៏ដោយ ក៏វិទ្យុនេះគ្មាន​ភាពខ្មាសអៀន និងមិនទាន់ធ្វើការកែតម្រូវឡើយ។ តើឯណាទៅដែលថាខ្លួនជាវិទ្យុវិជ្ជាជីវៈ? តាមពិតពួកគេមិនមែនជាវិទ្យុនិងជាអ្នកកាសែតវិជ្ជាជីវៈឡើយ តែជា​ឧបករណ៍បំពងសំឡេងញុះញង់ ផ្សាយព័ត៌មានមិនពិត ប្រឌិតសាច់រឿង និងផ្តល់វេទិកាឱ្យក្រុមអ្នកវិភាគពុល ទឹកមាត់ និងក្រុមសកម្មជនប្រឆាំងដើម្បីអនុវត្តផែនការទុច្ចរិត បម្រើឱ្យផែនការចៅហ្វាយនាយរបស់ខ្លួន។ ក្រុម អ្នកបម្រើការនៅវិទ្យុនេះគ្មានអ្វីក្រៅតែពីមួយថ្ងៃៗ ដេកគិតថាតើត្រូវធ្វើយ៉ាងណាផ្សាយព័ត៌មានដើម្បីញុះញង់ ប្រជាពលរដ្ឋ និងបង្កចលាចលសង្គមដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែប្រជាពលរដ្ឋទូទាំងនគរបានស្គាល់ថាហើយថា ឌឹ ខេមបូឌា ដេលី​​ គឺគ្រាន់តែជារោងចក្រផលិតព័ត៌មានក្លែងក្លាយបម្រើឱ្យមហិច្ឆតាចៅហ្វាយនាយបរទេសពួកគេដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ មិនមែនជាវិទ្យុវិជ្ជាជីវៈផេះកណ្តាលចង្ក្រាន្តស្អីទេ!​

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner