«មិត្តសម្លាញ់»៖ លោក ស៊ី និងលោក ពូទីន ជួបគ្នានៅក្រុងមូស្គូ
មូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានទទួលស្វាគមន៍មេដឹកនាំចិន លោក ស៊ី ជីនពីង ដែលជាមិត្ត «ប្ដូរផ្ដាច់» យ៉ាងកក់ក្តៅនៅវិមានក្រឹមឡាំងនាក្រុងមូស្គូ ដែលជាការផ្ញើសារដ៏មានន័យជ្រាលជ្រៅទៅកាន់លោកខាងលិចថា កិច្ចប្រឹងប្រែងកាត់ផ្ដាច់រុស្ស៊ីឱ្យនៅឯកោនោះមិនសម្រេចតាមបំណងនោះទេ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ដែលធ្វើឡើងជាលើកដំបូងក្រោយប្រធានាធិបតីរូបនេះឡើងកាន់អំណាចអាណត្តិទី៣ជាផ្លូវការនៅដើមខែនេះ បានបង្ហាញពីភាពស្វាហាប់ផ្នែកការទូតថ្មីរបស់ទីក្រុងប៉េកាំង និងផ្តល់ការលើកកម្ពស់ផ្នែកនយោបាយដល់លោក ពូទីន ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណេះ ក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប្ល៊ីងកែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នាពេលនេះបង្ហាញថា ៖ «ចិនគ្មានអារម្មណ៍ថាត្រូវទទួលខុសត្រូវ ក្នុងការជំរុញឱ្យវិមានក្រឹមឡាំងទទួលខុសត្រូវចំពោះអំពើឃោរឃៅដែលខ្លួនប្រព្រឹត្តនៅអ៊ុយក្រែន»។
លោកបន្តយ៉ាងថា ៖ «ជំនួសឱ្យការថ្កោលទោស ចិននឹងផ្តល់ការការពារការទូតសម្រាប់រុស្ស៊ី ដើម្បីបន្តប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»។
ទាំងចិន និងរុស្ស៊ី បានហៅដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក ស៊ី ថាជាឱកាសមួយក្នុងការពង្រឹង «មិត្តភាពគ្មានដែនកំណត់» រវាងមហាអំណាចកុម្មុយនីស្តទាំងពីរ។ ចិនសម្លឹងមើលទៅរុស្ស៊ីជាប្រភពផ្គត់ផ្គង់ប្រេង និងឧស្ម័នសម្រាប់សេដ្ឋកិច្ច និងជាដៃគូក្នុងការប្រកាន់ជំហររួមមួយ ដែលមើលឃើញសហរដ្ឋអាមេរិកថាជាអ្នកបង្កើតអរិភាព ធ្វើការត្រួតត្រាលើកិច្ចការពិភពលោក និងតែងតែផ្តន្ទាទោសខ្លួនយ៉ាងអយុត្តិធម៌ពេលនិយាយអំពីកំណត់ត្រាសិទ្ធិមនុស្ស។
គួរកត់សម្គាល់ថា ចិនមិនបានថ្កោលទោស ឬប្រឆាំងរុស្ស៊ីចំពោះការឈ្លានពានប្រទេសអ៊ុយក្រែនដែលកំពុងបន្តអូសបន្លាយនោះទេ ប៉ុន្តែពេលនេះតាំងខ្លួនថាជាអ្នកបង្កើតសន្តិភាពជុំវិញជម្លោះនៅអ៊ុយក្រែន។ ចិន និងរុស្ស៊ី ថែមទាំងបានពង្រឹងវិស័យការពារជាតិ តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។
កាលពីប៉ុន្មានសប្ដាហ៍មុន ពោលគឺមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី នាពេលនេះ សហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថា ខ្លួនមានភស្តុតាងដែលបង្ហាញថា ចិនកំពុងពិចារណាលើការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីដើម្បីយកទៅប្រើក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែក្រុងវ៉ាស៊ីនតោនមិនបានបង្ហាញភស្តុតាងឱ្យច្បាស់លាស់នោះទេ។ ខណៈដែលភាពល្អក់កករជាមួយលោកខាងលិចកាន់តែអាក្រក់ទៅៗ ចិន ដែលប្រកាន់យកជំហរអព្យាក្រឹតលើជម្លោះនៅអ៊ុយក្រែន បានបន្តភាពល្អូកល្អឺនជាមួយរុស្ស៊ី។ ភាពល្អូកល្អឺនទាំងនោះ ស្ដែងចេញតាមរយៈផ្នែកការទូត
នយោបាយ និងសេដ្ឋកិច្ចផ្សេងៗ។ វាក៏ស្ដែងចេញឱ្យឃើញក្នុងជំនួបនៅល្ងាចថ្ងៃចន្ទផងដែរ។
បើតាមការសរសេររៀបរាប់របស់ទីភ្នាក់ងារសារព័ត៌មាន AP មុនអង្គុយចុះពេលជំនួបចាប់ផ្ដើម លោក ស៊ី និងលោក ពូទីន បានញញឹម ហើយចាប់ដៃគ្នា ដោយហៅគ្នាទៅវិញទៅមកថាជា «មិត្តសម្លាញ់» និងថែមទាំងបានដោះដូរការសរសើរគ្នាទៅវិញទៅមកទៀតផង។ លោក ពូទីន បានអបអរសាទរលោក ស៊ី ចំពោះការជាប់ឆ្នោតធ្វើជាប្រធានាធិបតីឡើងវិញ ហើយបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ការកសាងទំនាក់ទំនងកាន់តែរឹងមាំ ជាមួយប្រទេសរបស់ខ្លួន ដែលកំពុងតែឯកោក្រោមយន្តការរបស់លោកខាងលិច។ លោក ពូទីន បានបន្លឺឡើងថា៖ «ចិនបានឈានទៅមុខយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។ នេះបើតាមការស្រង់សម្ដីរបស់ AP ពីជំនួបដែលចាក់ផ្សាយតាមទូរទស្សន៍។ ហើយខណៈលោក ស៊ី មិនទាន់បាត់ញញឺមផង លោកបន្ថែមថា ការឈានទៅមុខរបស់ចិន
«បណ្តាលឱ្យមានការចាប់អារម្មណ៍យ៉ាងពិតប្រាកដនៅជុំវិញពិភពលោក ហើយធ្វើឱ្យយើងមានអារម្មណ៍ច្រណែនតិចៗដែរ»។
ក្រៅពីនេះ លោក ពូទីន ក៏បានស្វាគមន៍ចំពោះសំណើរបស់ចិនលើដំណោះស្រាយនយោបាយសម្រាប់ជម្លោះដែលបង្កឡើងដោយរុស្ស៊ីនៅអ៊ុយក្រែន ហើយបានកត់សម្គាល់អ្វីដែលក្រុងមូស្គូបានទទូចម្ដងហើយម្ដងទៀតក្នុងការឃោសនារបស់ខ្លួនថា រុស្ស៊ីបើកចំហសម្រាប់ការចរចា។ ទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានព្យាយាមកាត់ផ្ដាច់ និងរារាំងការអភិវឌ្ឍន៍របស់ខ្លួន ក្នុងការប្រកួតប្រជែងដើម្បីភាពជាអ្នកដឹកនាំក្នុងតំបន់ និងពិភពលោក។ ចិន និងអាមេរិក មានជម្លោះជាមួយគ្នារាប់តាំងពីភូមិសាស្រ្តនយោបាយ រហូតដល់សេដ្ឋកិច្ច ខណៈអាមេរិកក៏កំពុងដឹកនាំសម្ព័ន្ធមិត្ត និងប្រទេសផ្សេងទៀតឱ្យប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញ វាលំបាកសម្រាប់អាមេរិកក្នុងការទទួលបានការគាំទ្រទូលំទូលាយ ទោះបីជាប្រទេសច្រើនលើសលប់បោះឆ្នោតថ្កោលទោសរុស្ស៊ីនៅអង្គការសហប្រជាជាតិក៏ដោយ។ ប្រទេសធំៗ
រួមទាំងអាហ្វ្រិកខាងត្បូង ឥណ្ឌា និងចិន សុទ្ធតែមិនថ្កោលទោសចិន ដោយការប្រកាន់ជំហរអព្យាក្រឹត ខណៈពង្រឹងទំនាក់ទំនងភាពជាដៃគូរាប់តាំងពីយោធា រហូតដល់សេដ្ឋកិច្ចជាមួយរុស្ស៊ី។
ក្នុងជំនួបនៅថ្ងៃចន្ទដដែល លោក Xi បានលើកឡើងថា៖ «យើងសង្ឃឹមថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី នឹងលើកតម្កើងភាពយុត្តិធម៌ និងយុត្តិធម៌អន្តរជាតិ ហើយម្យ៉ាងវិញទៀត ជំរុញឱ្យមានវិបុលភាព និងការអភិវឌ្ឍន៍រួមនៃប្រទេសរបស់យើង»។
បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ ក្នុងជំនួបរយៈពេល ៤ ម៉ោងកន្លះ លោក ពូទីន បានពន្យល់ទៅលោក ស៊ី ជាលម្អិតអំពីសកម្មភាពយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលកិច្ចពិភាក្សាទូលំទូលាយលើប្រធានបទជាច្រើន រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារ។
គួរគូសបញ្ចាក់ជាថ្មីថា សម្រាប់លោក ពូទីន វត្តមានរបស់មិត្តសម្លាញ់ ស៊ី គឺជាការជំរុញផ្នែកការទូតដ៏មានកិត្យានុភាព ដើម្បីបង្ហាញពីភាពជាដៃគូក្នុងការប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីដាក់រុស្ស៊ីឱ្យនៅឯកោ។
ក្នុងអត្ថបទដែលចុះផ្សាយដោយកាសែតរដ្ឋចិន People’s Daily លោក ពូទីន បានពណ៌នាដំណើរទស្សនកិច្ចរបស់លោក ស៊ី ថាជា «ព្រឹត្តិការណ៍សំខាន់» ដែល «បញ្ជាក់ឡើងវិញនូវលក្ខណៈពិសេសនៃភាពជាដៃគូរុស្ស៊ី-ចិន» ហើយលោកបានបន្តថា កិច្ចប្រជុំនេះបានផ្តល់សញ្ញាថា ប្រទេសទាំង២មិនត្រៀមខ្លួនក្នុងការទទួលយកការប៉ុនប៉ងធ្វើឱ្យខ្លួនចុះខ្សោយនោះទេ។
លោក ពូទីន បានកត់សម្គាល់ថា ៖ «គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការរារាំងរុស្ស៊ី និងចិនក្នុងពេលដំណាលគ្នា ក៏ដូចជាប្រទេសទាំងអស់ដែលមិនចុះនឹងភាពផ្ដាច់ការរបស់អាមេរិក គឺកាន់តែកាចសាហាវ និងកាន់តែកំរោលទៅៗ»។
ជាមួយគ្នានេះ ចិនចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ស៊ី ថាជាផ្នែកមួយនៃការផ្លាស់ប្តូរការទូតធម្មតា ហើយមិនបានផ្ដល់ព័ត៌មានលម្អិតអំពីគោលបំណងរបស់ខ្លួននោះទេ បើទោះបីជាអ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនភីន(Wang Wenbin) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ចិននឹងរក្សាគោលជំហរ និងយុត្តិធម៌របស់ខ្លួនចំពោះវិបត្តិអ៊ុយក្រែន ហើយដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការពិភាក្សាសន្តិភាពក៏ដោយ។
បើតាម AP លោក ស៊ី មិនបាននិយាយដោយផ្ទាល់អំពីការប្រយុទ្ធរបស់អ៊ុយក្រែន ឬផែនការសន្តិភាពរបស់លោកនោះទេ ពេលអង្គុយពិភាក្សាជាមួយលោកពូទីន។
ថ្មីៗនេះ លោក ស៊ី បានអំពាវនាវឱ្យចិនដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងកិច្ចការពិភពលោក ក្រោយចិនសម្រេចបានភាពជោគជ័យក្នុងការសម្របសម្រួលកិច្ចចរចាបង្កើតទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតឡើងវិញ។
គួររំឭកថា ទោះបីជាចិន និងរុស្ស៊ី អួតក្ដែងៗពីភាពជាដៃគូ «គ្មានដែនកំណត់» ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំងនៅតែអនុវត្តគោលនយោបាយចិនជាធំ។ ចិនបានបដិសេធពីការផ្គត់ផ្គង់ផ្នែកយោធាដល់រុស្ស៊ី ដែលជាជំហានមួយអាចធ្វើឱ្យទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោនកាន់តែអាក្រក់ ហើយបង្វែរដៃគូពាណិជ្ជកម្មសំខាន់ៗនៅអឺរ៉ុបឱ្យប្រឆាំងនឹងចិន។
យ៉ាងណាមិញ ចិនក៏បានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ហើយផ្ទុយទៅវិញបានរិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ខណៈចោទប្រកាន់ណាតូ និងសហរដ្ឋអាមេរិកថាបានបង្ករឿងដែលជាដើមហេតុនាំឱ្យលោក ពូទីន បើកការឈ្លានពាន។
ទោះបីជាបែបនេះក៏ដោយ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា សម្ពាធរបស់លោកខាងលិចបានធ្វើឱ្យរុស្ស៊ីពឹងផ្អែកកាន់តែខ្លាំងលើទីក្រុងប៉េកាំង ជាពិសេសការគាំទ្រផ្នែកការទូត។
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Free University ក្នុងទីក្រុងរីហ្គា នៃប្រទេសឡេតូនី លោក Dmitry Oreshkin បានសង្កេតឃើញថា ទីក្រុងប៉េកាំងទទួលបានអត្ថប្រយោជន៍ពីភាពតានតឹងរវាងទីក្រុងមូស្គូ និងលោកខាងលិច តាមរយៈការទទួលបានការផ្គត់ផ្គង់ថាមពលក្នុងតម្លៃថោកៗរបស់រុស្ស៊ី។ លោកបានបន្តថា៖ «វាមានភាពងាយស្រួលសម្រាប់ប្រទេសចិន ដែលមិនអាចទទួលបានការបញ្ចុះតម្លៃបែបនេះពីមុនមក»៕
ប្រែសម្រួល៖ហួន ឌីណា