រដ្ឋមន្រ្តីការបរទេសនៃប្រទេសកុំមិនវែលដូមីនីក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេសធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។
បន្ទាប់ពីជំនួប ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនវែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ