យុវសិស្សនិងកុមារ ចំនួន៥រូប ឈ្នះជ័យលាភី និង ២៥រូបផ្សេងទៀត ទទួលបានបណ្ណសរសើរមេត្រីបរិស្ថាន ក្នុងការប្រកួតគំនូរស្តីពី”ការប្រែប្រួលអាកាសធាតុ សម្រាប់កុមារនិងយុវជន”ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូបានរៀបចំពិធីប្រគល់ជ័យលាភីជូនដល់សិស្សានុសិស្សដែលបានចូលរួមប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុសកម្ពុជានារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។ បេក្ខជនចំនួន៥រូប បានឈ្នះជ័យលាភី និង ២៥រូបផ្សេងទៀតទទួលបានលិខិតសរសើរ ក្នុងការប្រកួតកូរគំនូរឆ្នាំនេះ។
យុវតី សំមុនី រចនា រៀននៅសាលាមីគីវ៉េ សាខាទី១៧ក្នុងរាជធានីភ្នំពេញ បានទទួលចំណាត់ថ្នាក់លេខ១ ទទួលបាន បណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត,លេខ២ បានទៅយុវតី ឆាយពេជ ជេស៊ីកា រៀននៅសាលាវេស្ទឡាញន៍សាខាសន្ធរម៉ុក និងទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត, លេខ៣បានទៅយុវតី ព្រាប សុដាលីយ៉ា រៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាសែនសុខ និងទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត, លេខ៤បានទៅយុវជន កូឡា សុវណ្ណដុល្លា រៀននៅសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ក្នុងរាជធានីភ្នំពេញ ទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត និងលេខ៥បានទៅយុវតី ហុង រ័ត្នឆាដាភា រៀនៅសាលាសុវណ្ណភូមិ សាខាទី១ក្នុងរាជធានីភ្នំពេញ និងទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត។
លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា
កម្មវិធីនេះ រៀបចំឡើងដើម្បីឱ្យពលរដ្ឋកម្ពុជា ពិសេសកុមារ បានចូលរួមក្នុងកិច្ចការពារបរិស្ថានពិសេសការប្រយុទ្ធទប់ស្កាត់ការប្រែប្រួលអាកាធាតុ ហើយការចូលរួមរបស់សិស្សានុសិស្សមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រទេសយើងឡើយ។
ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាព្រឹត្តិការណ៍នេះបង្ហាញឱ្យឃើញថាសិស្សានុសិស្សកម្ពុជាបច្ចុប្បន្នមានចំណេះដឹងទូលទូលាយ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ តាមរយៈស្នាដៃបង្កប់ទៅដោយអត្ថន័យស្តីពីបរិស្ថាន។
ឯកឧត្តម បានលើកឡើងពីសេចក្តីសង្ឃឹមថា ទៅថ្ងៃខាងមុខប្រទេសយើងនឹងទទួលបានធនធានមនុស្សល្អៗ ដើម្បីចូលរួមកសាងសេដ្ឋកិច្ចប្រទេសជាតិ”។
ទន្ទឹមជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអព្យាក្រឹតកាបូន ដែលជាប្រទេសបានដាក់រឿងនេះលើកទី១ កាលពីឆ្នាំមុន ដែលធ្វើឱ្យពិភពលោកបានទទួលស្គាល់និងយល់ដឹងពីយើងយ៉ាងជាក់លាក់ ពីការប្តេជ្ញាចិត្តក្នុងឆាកអន្តរជាតិ។
គួរបញ្ជាក់ថា កម្មវិធីគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់កុមារនិងយុវជន របស់ក្រសួងបរិស្ថាន បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២២ កន្លងមក ដោយមានកុមារនិងយុវជន ចំនួន៤៤៤រូប បានដាក់ពាក្យចូលរួមទូទាំងប្រទេស ហើយត្រូវដាក់ប្រកួតលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។ យុវជនចំនួន៤៤៤រូប បានដាក់ពាក្យចូលរួម និងបានសម្រេចធ្វើការជ្រើសរើសផ្ទាំងគំនូរដែលលេចធ្លោចំនួន ៣០ផ្ទាំង ដែលបានបំពេញលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន ០៣ គឺទី១. រូបគំនូរគូរដោយដៃដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ទី២. ភាពទាក់ទាញ និងគំនិតច្នៃប្រឌិតរបស់ផ្ទាំងគំនូរ និងទី៣. សេចក្តីអធិប្បាយរបស់រូបគំនូរ៕
ដោយ៖ម៉ាដេប៉ូ