ប្រមុខ អ.ស.ប. ៖ គ្រាប់បែកអាកាសធាតុកំពុងធ្លាក់ចុះមកលើផែនដី
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានជំរុញឱ្យពិភពលោកចាត់វិធានការប្រឆាំងនឹងការឡើងកំដៅភពផែនដីនៅគ្រប់បញ្ហាប្រឈម ដោយលោកបានព្រមានថា គ្រាប់បែកអាកាសធាតុកំពុងតែធ្លាក់ចុះ។
លោក ហ្គូទែរ៉េស បានផ្ញើសារជាវីដេអូបែបនេះ កាលពីថ្ងៃចន្ទទី២០ ខែមីនានេះ ខណៈដែលក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួន ស្តីពីការប្រែប្រួលអាកាសធាតុ។ នាឱកាសនោះដែរ លោក ហ្គូទែរ៉េស បាននិយាយថា អត្រានៃការកើនឡើងសីតុណ្ហភាពក្នុងពេលពាក់កណ្តាលសតវត្សចុងក្រោយ គឺខ្ពស់បំផុតក្នុងរយៈពេល ២,០០០ឆ្នាំ។ លោកថា ការប្រមូលផ្តុំកាបូនឌីអុកស៊ីត គឺខ្ពស់បំផុតក្នុងរយៈពេលយ៉ាងហោចណាស់ពីរលានឆ្នាំ។
លោក ហ្គូទែរ៉េស បន្តថា របាយការណ៍ IPCC បង្ហាញថា ដែនកំណត់ ១.៥អង្សាសេ គឺអាចសម្រេចបាន ប៉ុន្តែលោកក៏បានព្រមានផងដែរថា វានឹងមានការលោតញាប់ក្នុងសកម្មភាពអាកាសធាតុ។ លោក ហ្គូទែរ៉េស បន្ថែមថា របាយការណ៍នេះ គឺជាការអំពាវនាវឱ្យមានភាពច្បាស់លាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកអាកាសធាតុយ៉ាងឆាប់រហ័សពីសំណាក់គ្រប់ប្រទេស និងគ្រប់វិស័យ និងគ្រប់ពេលវេលា។
ប្រធាន IPCC លោក ហូសុង លី បានប្រាប់សន្និសីទសារព័ត៌មានក្នុងប្រទេសស្វីសថា ល្បឿន និងទំហំនៃអ្វីដែលបានធ្វើកន្លងមក និងផែនការបច្ចុប្បន្នមិនគ្រប់គ្រាន់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុឡើយ។ លោក លី បន្តថា របាយការណ៍របស់ IPCC បង្ហាញយ៉ាងច្បាស់ថា មនុស្សជាតិមានចំណេះដឹង និងបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានេះ។ លោកថា របាយការណ៍សំយោគនឹងក្លាយទៅជាឯកសារគោលនយោបាយជាមូលដ្ឋានសម្រាប់បង្កើតសកម្មភាពអាកាសធាតុក្នុងរយៈពេលដែលនៅសល់ នៃទសវត្សរ៍ដ៏សំខាន់នេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា


