លោក ស៊ី ហៅទំនាក់ទំនងជាមួយរុស្ស៊ីថា ជា “អាទិភាព” អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ
មូស្គូ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃអង្គារទី២១ ខែមីនានេះថា ប្រទេសចិននឹងផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយរុស្ស៊ី ដោយហៅប្រទេសទាំងពីរថា “មហាអំណាចជិតខាង” ខណៈដែលលោកបានរៀបចំសម្រាប់កិច្ចពិភាក្សាថ្ងៃទីពីរជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលរំពឹងថា នឹងផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន។
លោក ស៊ី បាននិយាយថា រដ្ឋាភិបាលចិននឹងបន្តផ្តល់អាទិភាពដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងរុស្ស៊ី។ លោក ស៊ី ត្រូវបានទីភ្នាក់ងារព័ត៌មានរុស្ស៊ីដកស្រង់សម្ដីក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខេល មីសហាស្ទីន ថា យើងជាមហាអំណាចជិតខាង។
លោក ស៊ី ក៏បាននិយាយផងដែរថា គាត់បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសចិននាចុងឆ្នាំនេះ ខណៈដែលមេដឹកនាំទាំងពីរស្វែងរកសម្ព័ន្ធភាពដើម្បីទប់ទល់នឹងមហាអំណាចលោកខាងលិច។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី បានកើតមានឡើងចំពេលជាមួយនឹងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ដែលបានមកដល់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារទី២១ ខែមីនានេះ ក្នុងអ្វីដែលអនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន លោកស្រី អ៊ីមីន ឌីហ្ស៊ីប៉ា បានហៅថា ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា