នាយករដ្ឋមន្រ្តីជប៉ុន ទៅទស្សនាទីក្រុងប៊ូចា អំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅអ៊ុយក្រែន

ប៊ូចា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃអង្គារទី២១ ខែមីនានេះ បានទៅទស្សនាទីក្រុងប៊ូចា ជាទីប្រជុំជនមួយនៅជិតទីក្រុងកៀវ ដែលជាកន្លែងកងកម្លាំងរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានសាទរថា ជា “ប្រវត្តិសាស្ត្រ” ដោយអ៊ុយក្រែន។

Read. អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងនោះបានរាយការណ៍ថា លោក គីស៊ីដា បានមកដល់ទីក្រុងនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការ និងនៅមុនជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន លោកស្រី អ៊ីមីន ឌីហ្ស៊ីប៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ គឺជាសញ្ញានៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអ៊ុយក្រែន និងជប៉ុន។

លោកស្រីថា យើងអរគុណចំពោះប្រទេសជប៉ុនសម្រាប់ការគាំទ្រដ៏រឹងមាំ និងការរួមចំណែកដល់ជ័យជម្នះនាពេលអនាគតរបស់យើង។ លោក គីស៊ីដា គឺជាមេដឹកនាំចុងក្រោយនៃក្រុមប្រទេស G7 ដែលបានមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ខណៈដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅខែឧសភាខាងមុខនេះ។

មិនតែប៉ុណ្ណោះ ជប៉ុនក៏បានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ខណៈផ្តល់ការគាំទ្រដល់ទីក្រុងកៀវ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner