ជប៉ុនសន្យាផ្តល់ ៣០លាន ដុល្លារ ទៀត ដល់អ៊ុយក្រែន
កៀវ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ថ្លែងថា ទីក្រុងតូក្យូនឹងផ្តល់ថវិកា ៣០លានដុល្លារ តាមរយៈមូលនិធិស្មោះត្រង់របស់អង្គការណាតូ ដើម្បីជួយអ៊ុយក្រែនទទួលបានឧបករណ៍ដែលមិនមានគ្រោះថ្នាក់។
លោក គីស៊ីដា បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ នៅថ្ងៃអង្គារទី២១ ខែមីនានេះ ហើយបានប្រកាសអំពីរឿងនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នាឱកាសនោះដែរ លោក គីស៊ីដា បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួនថា ជាទង្វើដ៏ហួសចិត្តដែលបំផ្លាញមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។
ការបរិហាររបស់លោក គីស៊ីដា កាន់តែខ្លាំងឡើង បន្ទាប់ពីគាត់បានឃើញសោកនាដកម្មនៅទីក្រុងកៀវ និងទីប្រជុំជនប៊ូចា ជាកន្លែងដែលជនស៊ីវិលជាច្រើននាក់ត្រូវបានគេរកឃើញថាបានស្លាប់ បន្ទាប់ពីការដកខ្លួនចេញរបស់ទាហានរុស្ស៊ី។ លោក គីស៊ីដា បានបញ្ជាក់ថា ប្រទេសជប៉ុននឹងបង្ហាញការតាំងចិត្តរបស់ខ្លួនដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងដោះស្រាយបញ្ហាស្បៀងអាហារជាសាកលនៅឯកិច្ចប្រជុំកំពូល G7។
ចំណែកលោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា គាត់សប្បាយចិត្ត ខ្លាំងណាស់ដែលលោក គីស៊ីដា បានមកបំពេញទស្សនកិច្ចនៅទីក្រុងកៀវ នៅពេលដែលប្រទេសជប៉ុនធ្វើជាប្រធាន G7 និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានប្រកាសពីផែនការចូលរួមកិច្ចប្រជុំកំពូល G7 នាពេលខាងមុខ តាមរយៈតំណភ្ជាប់វីដេអូអនឡាញផងដែរ។
រីឯលោក គីស៊ីដា ក៏បានសន្យាដែរថា ជប៉ុននឹងផ្តល់ជំនួយដែលមានតម្លៃ ៧.១ប៊ីលានដុល្លារដែលខ្លួនបានសន្យា ហើយបានប្រកាសជំនួយថ្មីចំនួន ៤៧០លានដុល្លារក្នុងវិស័យថាមពល និងវិស័យផ្សេងៗទៀត។ លោកបន្ថែមថា ជប៉ុននឹងបន្តផ្តល់ការគាំទ្រឥតឈប់ឈរដល់អ៊ុយក្រែន ហើយថា ប្រទេសរបស់គាត់នឹងនៅជាមួយអ៊ុយក្រែនរហូតដល់សន្តិភាពវិលត្រឡប់មកទឹកដីដ៏ស្រស់ស្អាតរបស់អ៊ុយក្រែនវិញ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

