សម្ដេចតេជោ ហ៊ុន សែន៖ ផ្ដាំឱ្យនិស្សិត ធ្វើអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ដោយជំរុញឱ្យជ្រើសរើសការប្រកួតប្រជែង

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤,៧០៥នាក់ នារី ៤,២២១នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស ម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំឱ្យនិស្សិត ខិតខំប្រឹងប្រែងធ្វើជាអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង កុំធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ ដោយជំរុញឱ្យជ្រើសរើសការប្រកួតប្រជែងវិញ ។

សម្ដេច បានបន្តថា សម័យនេះ ជាសម័យប្រកួតប្រជែង ដើម្បីរីកចម្រើនទាំងអស់គ្នា មិនមែនជាសម័យដែលផ្ដួលរំលំដៃគូរប្រជែងរបស់ខ្លួននោះទេ ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការដួលរលំនៃប្រទេសណាមួយ នឹងប៉ះពាល់ដល់ពិភពលោកទាំងមូល ដោយថា កម្ពុជា មិនចូលរួមជាមួយប្រទេសណាមួយ ដើម្បីបំផ្លាញប្រទេសណាមួយផ្សេងទៀតនោះទេ។

សម្ដេច ថា ពិភពលោកដែលមានការប្រកួតប្រជែង ដើម្បីការរីកចម្រើននោះ ជាពិភពលោកដែលមានការរីកចម្រើនទាំងអស់គ្នា ព្រោះបច្ចុប្បន្ន គ្រប់ប្រទេសនានា គឺជាសេដ្ឋកិច្ចបំពេញឱ្យគ្នា ។ សម្ដេចតេជោ ក៏បានលើកឡើងពីការពឹងផ្អែកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ដែលថា ការដួលប្រទេសណាមួយនោះ នឹងទាញប្រទេសផ្សេងទៀតឱ្យធ្លាក់ចុះដូចគ្នា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ កុំបន់ស្រន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ច នោះវាជាគ្រោះថ្នាក់របស់យើង។ បើអាមេរិក និងអឺរ៉ុបធ្លាក់ចុះ វានឹងប៉ះពាល់ដល់យើងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner