មនុស្សពីរនាក់ស្លាប់នៅអាហ្វហ្គានីស្ថាន និង១៨០នាក់ទៀតរងរបួសនៅប៉ាគីស្ថាន ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារប្រទេសទាំងពីរ
កាប៊ុល៖ អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន លោក សាហ្វីអូលឡាហ៍ រ៉ាហាមី បានប្រាប់សារព័ត៌មាន AFP ឲ្យដឹងថា មនុស្សពីរនាក់ ក្នុងនោះមានកុមារម្នាក់បានស្លាប់ក្នុងខេត្តឡាកម៉ាន់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប៉ាគីស្ថាន លោក សាហ៊ីឌុលឡាហ៍ ខាន់ ក៏បាននិយាយដែរថា យ៉ាងហោចណាស់មនុស្ស ១៨០នាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទូទាំងខេត្តឃាយបឺ ប៉ាកទុនវ៉ា នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក ស៊ីបាស់ ហ្សារីសហ្វ បានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយភាពអាសន្នណាមួយ។

បើតាមសារព័ត៌មាន AFP គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច ៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយទីភ្នាក់ងារភូមិសាស្រ្តអាមេរិក (USGS) បានដាក់កម្រិត ៦.៥រ៉ិចទ័រ។

សូមរម្លឹកផងដែរថា កាលពីខែមិថុនាឆ្នាំមុន មនុស្សជាង ១,០០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតបាត់បង់ផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារខេត្តក្រីក្រ ផាកទីកា ដែលឆក់យកជីវិតមនុស្សច្រើនបំផុតនៅអាហ្វហ្គានីស្ថាន ក្នុងរយៈពេលជិតមួយភាគបួននៃសតវត្សកន្លងមក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា