សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរជាតិគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានភាពជាក់លាក់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋាននីមួយៗ ដើម្បីដឹងតួលេខជាក់លាក់មួយយ៉ាងពិតប្រាកដ។

នៅក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៀតថា ការស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន គឺធ្វើឡើងតាមរយៈ ភូមិ-ឃុំ-ស្រុក រួចហើយបញ្ជូនមកខេត្ត ដើម្បីបូកសរុបបញ្ចូលគ្នា ។

សម្ដេចក្រឡាហោម បន្តថា យើងសិក្សាធ្វើពីភូមិមក ឱ្យមេភូមិរាយការណ៍មក មានប៉ុន្មាននាក់ប្រើប្រាស់គ្រឿងញៀន យើងប្រមូលពី ភូមិ-ឃុំ-ស្រុក មកឱ្យខេត្ត ហើយបូកបញ្ចូលគ្នា យើងឃើញហើយ ទោះវាមិនត្រូវ ១០០%ក៏ដោយ តែគ្រាន់បើជាងអង្គុយស្មាន ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តប្ដេជ្ញាយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងវិស័យឯកជន ជាដើម ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមការពារសុវត្ថិភាពសង្គមរបស់កម្ពុជា៕



ដោយ.រ៉ាវុធ