ក្រុមហ៊ុនពីរ បានបរិច្ចាគថវិកាចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ពីរ ៖ ក្រុមហ៊ុន LYP និងលោកជំទាវ ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក និងក្រុមហ៊ុន ជីបម៉ុង គ្រុប ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។

ពិធីប្រគល់ទទួលនេះក៏មានការចួលរួមពីឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប និងលោកជំទាវ និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក និងអ្នកឧកញ៉ា លាង ឃុន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង គ្រុប ផងដែរ ។

សូមជម្រាបថា គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ។ ហើយ អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕




ដោយ ថេត វិចិត្រនិងហេង សម្បត្តិ