អាមេរិក៖ ការចុះចតដើម្បីធ្វើទស្សនកិច្ចក្រៅផ្លូវការរបស់ប្រធានាធិបតីតៃវ៉ាន់ មិនមែនជារឿងអ្វីថ្មីនោះទេ
អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃដិន បានលើកឡើងថា ការដែលលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ចុះចតដើម្បីធ្វើទស្សនកិច្ចក្រៅផ្លូវការនៅសហរដ្ឋអាមេរិក គឺជារឿងធម្មតានោះទេ ហើយកន្លងមកនេះ លោកស្រីក៏ធ្លាប់បានធ្វើដូច្នេះដែរ។ ហេតុនេះហើយ ចិនមិនគួរប្រើប្រាស់ចំណុចនេះជាលេសដើម្បីបង្កភាពតានតាំងខ្លាំងជាងមុន និងបង្កើនសកម្មភាពឈ្លានពានផ្សេងៗនៅតាមច្រកសមុទ្រតៃវ៉ាន់នោះទេ។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានគូសបញ្ជាក់ទៅកាន់សមភាគីចិនថា ការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកក្នុងអំឡុងពេលដំណើរទស្សនកិច្ចអន្តរជាតិដ៏វែងឆ្ងាយរបស់ប្រធានាធិបតីតៃវ៉ាន់ បានប្រព្រឹត្តទៅជាទម្លាប់ទៅហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប។ មន្ត្រីរូបនេះបានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយហេតុថាបញ្ហានេះ ជារឿងដែលមានភាពរសើបខ្លាំង។
គួររំឮកដែរថា នៅក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការនៅសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី ត្សៃ បានចូលជួបជាមួយសមាជិកសភា និងបណ្ដាជនភៀសខ្លួនតៃវ៉ាន់ ហើយលោកស្រីក៏ត្រូវបានស្វាគមន៍ដោយប្រធានវិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់ ដែលជាអង្គការមិនរកប្រាក់ចំណេញ។ អង្គការមួយនេះគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយធ្វើការពាក់ព័ន្ធនឹងទំនាក់ទំនងក្រៅផ្លូវការរវាងអាមេរិក និងតៃវ៉ាន់។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះខាងលើបានបញ្ជាក់ថា «ការចុះចតចូលទស្សនកិច្ចក្រៅផ្លូវការរបស់លោកស្រីគ្មានអ្វីថ្មីនោះទេ ហើយក៏ជាការស្របតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយដែរ»។
កាលពីថ្ងៃអង្គារ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានឱ្យដឹងថា លោកស្រី ត្សៃ គ្រោងនឹងធ្វើដំណើរឆ្លងកាត់ទីក្រុងញូវយ៉កនៅថ្ងៃទី៣០ខែមីនាមុនពេលធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡា (Guatemala) និងប្រទេសបេលី (Belize)។ លោកស្រីត្រូវបានគេរំពឹងថានឹងចុះចតឈប់សម្រាកនៅទីក្រុងឡូស អានជឺលេស(Los Angeles) នៅថ្ងៃទី៥ ខែមេសា នៅអំឡុងពេលដែលលោកស្រីត្រឡប់ទៅកាន់តៃវ៉ាន់វិញ។ ប៉ុន្តែ ការិយាល័យខាងលើនេះក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីការធ្វើដំណើររបស់លោកស្រី នៅពេលទៅដល់សហរដ្ឋអាមេរិកនោះទេ។
គួរដឹងដែរថា មុនពេលការធ្វើដំណើរត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ ពោលគឺស្ថិតនៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោកស្រី ត្សៃ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួន ៦ លើករួចមកហើយ។ ជាប្រតិកម្មឆ្លើយតបចំពោះដំណើរទស្សនកិច្ចទាំងនោះ ចិនតែងតែបានប្រើប្រាស់នូវពាក្យពេចន៍ផ្សេងៗដើម្បីសម្ដែងការមិនពេញចិត្តទៅកាន់សហរដ្ឋអាមេរិក និងតៃវ៉ាន់។
ដោយឡែករដ្ឋបាលលោក បៃដិន បាននិងកំពុងព្យាយាមចៀសវាងការឆ្លើយតបណាមួយដែលអាចបង្កឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដូចដែលបានកើតឡើងម្ដងមកហើយបន្ទាប់ពីប្រធានសភាលោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហា ឆ្នាំ២០២២ របស់លោកស្រី ប៉េឡូស៊ី ទីក្រុងប៉េកាំងបានបាញ់គ្រាប់មីស៊ីលរំលងកោះតៃវ៉ាន់ជាច្រើនគ្រាប់ និងបានដាក់ពង្រាយកងនាវាចម្បាំងឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏បានធ្វើសមយុទ្ធយោធានៅកៀកក្បែរនឹងកោះមួយនេះទៀតផង។ កាលនោះផងដែរ ទីក្រុងប៉េកាំងក៏បានផ្អាកកិច្ចពិភាក្សាអំពីបញ្ហាអាកាសធាតុជាមួយសហរដ្ឋអាមេរិក និងបានកាត់ផ្ដាច់ទំនាក់ទំនងយោធាជាមួយមន្ទីរបញ្ចកោណទៀតផង។
ទីក្រុងប៉េកាំងមើលឃើញទំនាក់ទំនងផ្លូវការរបស់អាមេរិកជាមួយតៃវ៉ាន់ថាជាការលើកទឹកចិត្តឱ្យតៃវ៉ាន់ ដើម្បីធ្វើឱ្យឯករាជ្យភាពរបស់កោះមួយនេះអាចបន្តទៅមុខជាច្រើនទសវត្សទៀត។ ការធ្វើបែបនេះគឺផ្ទុយទៅនឹងជំហររបស់មេដឹកនាំអាមេរិកកន្លងមកដែលមិនធ្លាប់បានគាំទ្រសោះឡើយ។
គួរដឹងដែរថា លោកស្រី ប៉េឡូស៊ី គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អាមេរិកដែលបានទៅទស្សនកិច្ចនៅកោះមួយនេះ រាប់ចាប់តាំងពីប្រធានសភាអាមេរិក លោក ញូវ ហ្គិងរិច (Newt Gingrich) ដែលបានទស្សកិច្ចម្ដងដែរកាលពីឆ្នាំ១៩៩៧។ ក្រោមគោលនយោបាយ “ចិនតែមួយ” ឬ “One China Policy” សហរដ្ឋអាមេរិកបានទទួលស្គាល់ទីក្រុងប៉េកាំងថាជារដ្ឋាភិបាលរបស់ប្រទេសចិនតែមួយគត់ ហើយមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែអាមេរិកបានចាត់ទុករដ្ឋាភិបាលទីក្រុងតៃប៉ិ ជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្រុមមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថាចិនមានគោលបំណងបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោក និងថាអាចនឹងប្រើប្រាស់កម្លាំងទ័ពប្រសិនបើកាលៈទេសៈតម្រូវ។ កោះតៃវ៉ាន់ដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យគ្រប់គ្រងដាច់ដោយឡែកមួយនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថា វាគ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនតែប៉ណ្ណោះ។
បើយោងតាម សន្ធិសញ្ញាស្ដីពីទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ ដែលគ្រប់គ្រងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកោះតៃវ៉ាន់មួយនេះ មិនតម្រូវឱ្យសហរដ្ឋអាមេរិកឈានជើងចូលក្នុងវិស័យយោធាតៃវ៉ាន់ដោយផ្ទាល់នោះទេប្រសិនបើចិនឈ្លានពានតៃវ៉ាន់ ប៉ុន្តែគោលនយោបាយរបស់អាមេរិក ត្រូវធានាថាតៃវ៉ាន់មានធនធានគ្រប់គ្រាន់ដើម្បីការពារខ្លួន និងទប់ស្កាត់ការផ្លាស់ប្ដូរណាមួយជាឯកតោភាគីពីសំណាក់ទីក្រុងប៉េកាំង។
ទំនាក់ទំនងរវាងអាមេរិកនិងចិនបានវិវត្តទៅមុខកាន់តែស្មុគស្មាញ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី មក។ កាលពីខែមុន ប្រធានាធិបតី ចូ បៃដិន បានបញ្ជាឱ្យបាញ់កម្ទេចបាឡុងចារកម្មរបស់ចិននៅលើដែនអាកាសអាមេរិក បន្ទាប់ពីវាបានហោះឆ្លងកាត់ទ្វីបអាមេរិក។ ប៉ុន្មានសប្តាហ៍នេះ រដ្ឋបាលលោក បៃដិន បានឱ្យដឹងថា ក្រុមស៊ើបការសម្ងាត់របស់អាមេរិកបានបង្ហាញថា ចិនកំពុងថ្លឹងថ្លែងលទ្ធភាពបញ្ជូនអាវុធទៅឱ្យរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ប៉ុន្តែអាមេរិកមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបង្ហាញថា តើទីក្រុងប៉េកាំងពិតជាបានសម្រេចចិត្តផ្គត់ផ្គង់គ្រឿងសព្វាវុធទៅកាន់ទីក្រុងម៉ូស្គូពិតមែនឬក៏យ៉ាងណានោះទេ។
បន្ថែមលើនេះ រដ្ឋបាលលោក បៃដិន បានពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដោយរដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លិងកិន (Antony Blinken) បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញបញ្ហាបាឡុងចារកម្ម ប៉ុន្តែអាមេរិកក៏បានផ្តល់សញ្ញាថា ខ្លួននឹងរៀបចំដំណើរទស្សនកិច្ចនេះឡើងវិញនាពេលខាងមុខ។
កាលពីថ្ងៃចន្ទ សេតវិមានក៏បានបញ្ជាក់បន្ថែមដែរថា ក្រុមមន្ត្រីអាមេរិកកំពុងពិភាក្សាជាមួយប្រទេសចិនអំពីដំណើរទស្សនកិច្ចដែលអាចនឹងធ្វើឡើងដោយរដ្ឋលេខាធិការរតនាគារជាតិអាមេរិកលោកស្រី ចេណេត យ៉េឡេន (Janet Yellen) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ជីណា រ៉េម៉ូនដូ (Gina Raimondo) ហើយទស្សនកិច្ចនេះនឹងផ្តោតលើបញ្ហាសេដ្ឋកិច្ចជាធំ។ លោក បៃដិន ក៏បានលើកឡើងដែរថា លោករំពឹងថានឹងអាចជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង តាមរយៈការហៅតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន ខឺប៊ី (John Kirby) បានមានប្រសាសន៍ថា «ការបន្តទំនាក់ទំនងតាមរយៈការជជែកគ្នាដោយការហៅតាមប្រព័ន្ធទូរស័ព្ទ នៅតែជារឿងសំខាន់»។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង បានជួបប្រជុំគ្នានៅទីក្រុងមូស្គូ។ វាគឺជាជំនួបទល់មុខគ្នាលើកដំបូងហើយរវាងសម្ព័ន្ធមិត្តទាំងពីរនេះ ចាប់តាំងពីមុនពេលដែលរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាងមួយឆ្នាំមកហើយ។
ដោយឡែក នៅដើមខែនេះ រដ្ឋាភិបាលតៃវ៉ាន់បានថ្លែងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអន្តរជាតិដ៏វែងឆ្ងាយ លោកស្រី ត្សៃ គ្រោងនឹងឈប់សម្រាកនៅទីក្រុងញូវយ៉ក និងនៅរដ្ឋខាលីហ្វញ៉ាខាងត្បូង (Southern California) ខណៈដែលប្រធានរដ្ឋសភាលោក ខេវិន ម៉ាក់ខាហ្ស៊ី (Kevin McCarthy) មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងថា លោកនឹងជួបជាមួយលោកស្រី ត្សៃ នៅពេលលោកស្រីកំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយលោកក៏មិនបានច្រានចោលនូវលទ្ធភាពដែលអាចថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ ដើម្បីបង្ហាញពីការគាំទ្រនោះទេ៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភព៖ US: No reason for China to react to Taiwan leader stopover