កម្ពុជារៀបចំទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៣ ក្រោមប្រធានបទ«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

ខេត្តកណ្តាល ៖ ទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង នៅវត្ដសាលាអណ្ដែត ឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» សហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងអង្គការសម្ព័ន្ធភាពខ្មែរ ប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា ខាណា (Khana) ដោយបានប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ មក កម្ពុជាតែងតែបានរៀបចំ «ទិវាពិភពលោកកំចាត់រោគរបេង ២៤ មិនា» ជារៀងរាល់ឆ្នាំ តាមការណែនាំពីអង្គការសុខភាពពិភពលោក ក្នុងគោលបំណង ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេង នៅកម្ពុជា និងអន្តរជាតិ ហើយក៏ដើម្បីជំរុញការលើកកម្ពស់ ចលនាទាក់ទាញការគាំទ្រ ផ្នែកនយោបាយ និងថវិកា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាដែរ។ ក្រៅពីនេះ ក៏ដើម្បីជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងអ្នកផ្តល់ជំនួយ ជាដើម ឲ្យរួមគ្នាធានានូវកិច្ចខិតខំប្រឹងប្រែងថែមទៀត លើការកំចាត់រោគរបេង។

លោកជំទាវ យក់ សម្បត្តិ អានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថា កម្ពុជាបានស្រាវជ្រាវ និងព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ។ ជាក់ស្តែង អត្រាស្លាប់បានថយចុះពី៤២ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០% ។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៩ករណី ក្នុងចំណោមប្រជាជន១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកដល់២៨៨ករណី ក្នុងចំណោមប្រជាជន១០ម៉ឺននាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ ៥០%។ កម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេងរួចហើយ នៅមុនការកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជា ក្នុងការកំចាត់ជំងឺរបេងគឺជាស្នាដៃមួយ ដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន»។

លោកស្រីប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា , ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំាកម្ពុជា និង អភិបាលរងខេត្តកណ្តាល ក៏បានមានមតិស្វាគមន៍និងបង្ហាញចំណាប់អារម្មណ៍ នាពេលនោះដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner