ឯកឧត្តម អូន ព័ន្ធមុន្នីរត្ន័ លើកទឹកចិត្តឱ្យ ក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បន្តអនុវត្តការងារកែទម្រង់របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញលើកទឹកចិត្តឱ្យ ក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បន្តអនុវត្តការងារកែទម្រង់របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បន្ថែមថា នៅក្នុងបរិការណ៍ដែលពោរពេញទៅដោយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជានាបច្ចុប្បន្ន និងទៅអនាគត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព សម្រាប់ការកែទម្រង់ និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក ។

ការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល នារាជធានីភ្នំពេញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងមុខងារសាធារណៈ ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសការធ្វើទំនើបកម្មប្រកបដោយនវានុវត្តន៍ និងផ្អែកលើធនធានមន្ត្រីដែលមានស្រាប់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងគ្រប់គ្រងបៀវត្ស (HRMIS) ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល Smart Card និងប្រព័ន្ធ MCS Mobile App ដើម្បីរួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល ៕




អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា