នាយករដ្ឋមន្ត្រី​ជប៉ុន ធ្វើ​ទស្សនកិច្ចនៅ​អ៊ុយក្រែន និងកន្លែង​សម្លាប់​រង្គាលដោយទាហានរុស្ស៊ីនាទីក្រុងប៊ូឆា

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ(Kyiv)ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy)​ ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយ និងមិនបានប្រកាសឱ្យដឹងជាមុនឡើយ។ ដំណើរទស្សកិច្ចនេះ ជប៉ុនចង់បញ្ជាក់ពីការគាំទ្រយ៉ាងយកចិត្តទុកដាក់របស់ទីក្រុងតូក្យូ ទៅកាន់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

គួរកត់សម្គាល់ថា លោក គីស៊ីដា គឺជាមេដឹកនាំតែម្នាក់គត់នៅក្នុងចំណោមក្រុមប្រទេសអ្នកមានទាំងប្រាំពីរ ឬហៅថា G7 ដែលមិនទាន់បានទៅទស្សនកិច្ចនៅអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយរុស្ស៊ី។ ទស្សនកិច្ចលើកនេះត្រូវបានគេមើលឃើញថា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋជប៉ុន ពោលគឺពលរដ្ឋជប៉ុនភាគច្រើនបានគាំទ្រឱ្យលោកធ្វើទស្សនកិច្ចទៅកាន់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានទៅទស្សនាទីក្រុងប៊ូឆា (Bucha) ហើយទីក្រុងនេះដែរ ត្រូវបានលោកអភិបាលក្រុងឱ្យដឹងថា មានជនស៊ីវិលជាង ៤០០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ីកាលពីឆ្នាំមុ​ន ហើយចាប់តាំងពីពេលនោះមក វាបានក្លាយទៅជាទីតាំងសម្រាប់នឹករលឹកដល់អំពើដ៏ឃោរឃៅរបស់រុស្ស៊ីក្នុងកំឡុងពេលសង្រ្គាម។ លោក​ គីស៊ីដា ក៏បាន​ដាក់​កម្រង​ផ្កាកាន់ទុក្ខ​នៅ​ខាងក្រៅព្រះវិហារ​មួយ ​មុន​ពេលដែលលោកបានឈរ​ស្មិងស្មាធិ៍ដោយភាព​ស្ងៀមស្ងាត់​មួយ​ភ្លែត និង​បានក្រាប​គោរពទៅកាន់អ្នកដែលបានបាត់បង់ជីវិតទាំងអស់នោះ។

លោក គីស៊ីដា បានមានប្រសាសន៍ថា «ពិភពលោកមានការភ្ញាក់ផ្អើលមែនទែនដែលឃើញជនស៊ីវិលស្លូតត្រង់នៅទីក្រុងប៊ូឆា ត្រូវបានសម្លាប់កាលពីមួយឆ្នាំមុន។ ខ្ញុំពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់ចំពោះអំពើដ៏ឃោរឃៅដែលបានកើតឡើងនៅទីកន្លែងនេះ»។ លោកនាយករដ្ឋមន្ត្រីរូបនេះបន្តថា «តំណាងឱ្យប្រជាជនជប៉ុនទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់ និងអ្នករបួសផ្សេងទៀត។ ប្រទេសជប៉ុននឹងបន្តជួយអ៊ុយក្រែនជាមួយនឹងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអ៊ុយក្រែនអាចទទួលបានសន្តិភាពឡើងវិញ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក គីស៊ីដា ហាក់ដូចជារឿងដែលចៃដន្យមួយ ពោលគឺស្រប​ពេល​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង ទៅកាន់​ប្រទេស​រុស្ស៊ី។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួនពីររបស់ខ្លួន បានហោះនៅលើដែនអាកាសសមុទ្រជប៉ុនអស់រយៈពេលជាង ៧ ម៉ោង។ ទង្វើនេះត្រូវបានគេមើលឃើញថា វាហាក់បីដូចជាការឆ្លើយតបរបស់រុស្ស៊ីទៅនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ទៅកាន់ទីក្រុងគៀវ។

គួររំលេចថា នៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដែលជាស្រុកកំណើតរបស់លោក គីស៊ីដា។ កន្លងមក រដ្ឋាភិបាលទីក្រុងតូក្យូតែងតែបានបន្តគាំទ្រអ៊ុយក្រែន និងបានចូលរួមជាមួយក្រុមប្រទេស G7 ផ្សេងទៀតក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ថែម។

ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ត្រូវបានរក្សាទុកជាការសម្ងាត់រហូតដល់នាទីចុងក្រោយដែលលោកបានទៅដល់ទីក្រុងកៀវតែម្ដង ដែលនេះគឺដោយសារតែជប៉ុនមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី។វាជារឿងដ៏កម្រណាស់សម្រាប់មេដឹកនាំជប៉ុនក្នុងការដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសណាមួយ ដោយមិនបានប្រកាសជាសាធារណៈ។

ទូរទស្សន៍សាធារណៈ NHK របស់ជប៉ុនបានបង្ហាញវីដេអូរបស់លោក គីស៊ីដា ដែលកំពុងនិយាយជាមួយក្រុមមន្ត្រី បន្ទាប់ពីលោកបានទៅដល់ទីក្រុងកៀវដោយការធ្វើដំណើរតាមរយៈរថភ្លើងចេញពីទីក្រុង Przemysl ព្រំដែនប្រទេសប៉ូឡូញ។ លោក គីស៊ីដា បានមានប្រសាសន៍ថា «កិច្ចប្រជុំកំពូល G7 គួរតែបង្ហាញពីឆន្ទៈដ៏មុតមាំដើម្បីរក្សាសណ្តាប់ធ្នាប់អ​ន្តរជាតិ និងនីតិរដ្ឋក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន»។

ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ក៏មានជម្លោះព្រំដែនជាមួយទីក្រុងមូស្គូផងដែរ ពោលគឺមានតាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់មកម៉្លេះ។ការឈ្លានពានរបស់រុស្ស៊ីក៏បានធ្វើឱ្យទីក្រុងតូក្យូមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសពលរដ្ឋជប៉ុនបានលើកឡើងជាសំណួរថា តើនឹងមានអ្វីកើតឡើងចំពោះប្រទេសជប៉ុន ប្រសិនបើប្រទេសចិនឈ្លានពានតៃវ៉ាន់។

ដោយមានការលើកទឹកចិត្តពីសហរដ្ឋអាមេរិក កាលពីខែធ្នូ ជប៉ុនបានពង្រីកវិសាលភាពយោធារបស់ខ្លួនមិនធ្លាប់ធ្វើពីមុនចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ជាក់ស្ដែង ជប៉ុនបានប្តេជ្ញាថានឹងចំណាយថវិកាលើវិស័យការពារជាតិទ្វេដង គឺរហូតដល់ទៅ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា លោក គីស៊ីដា ក៏នឹងជួបពិភាក្សាជាមួយសមភាគីប៉ូឡូញ មុនពេលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ គួរបញ្ជាក់ថា មុនពេលចេញដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញ លោក គីស៊ីដា ក៏បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា និងបានជួបពិភាក្សាជាមួយសមភាគីឥណ្ឌា លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ផងដែរ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភព៖ In Ukraine to offer solidarity, Japan’s Kishida tours Bucha massacre site

ads banner