អ.ស.ប អំពាវនាវឱ្យមានការអន្តរាគមន៍ពីបរទេសក្នុងប្រទេសហៃទីបន្ទាប់បីអំពើហិង្សាបានរីករាលដាល

អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការដាក់ពង្រាយក្រុមពិសេស នៅក្នុងប្រទេសហៃទី ដើម្បីការពារពីអំពើហិង្សាបណ្តាលមកពីក្រុមក្មេងទំនើង ដែលបានសម្លាប់មនុស្សអស់ជាង ៥៣០ នាក់ចាត់តាំងពីដើមឆ្នាំមក។

អ្នកនាំពាក្យរបស់អ.ស.ប ផ្នែកសិទ្ធិមនុស្ស អ្នកស្រី Marta Hurtado កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើង កើនឡើងជាញឹកញាប់ និងស្ថានភាពអសន្តិសុខបានរីករាលដាល ។ បើគិតតាំងពីសប្តាហ៍ដំបូងនៃឆ្នាំ ២០២៣ នេះប្រទេសហៃទី ត្រូវបានរាយការណ៍ពីមនុស្សស្លាប់ជាង ៥៣១ នាក់ រងរបួស ៣០០ នាក់ ចាប់ជំរិត ២៧៧ ករណី កើតចេញពីក្រុមក្មេងទំនើង ដែលភាគច្រើនក្នុងរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទី ។ ក្នុងនោះផងដែរជនរងគ្រោះទាំងអស់ភាគច្រើនត្រូវបានគេបាញ់សម្លាប់ និងបាញ់ចោលដោយចៃដន្យ នៅក្នុងផ្ទះរបស់ពួកគេ ឬតាមដងផ្លូវជាដើម ។

កាលពីឆ្នាំ ២០០៤ ដល់ ២០១៧ សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ទទួលបានការជោគជ័យក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងរដ្ឋ Minustah  ក្នុងប្រទេសហៃទី ។ ទោះជាយ៉ាងណាក្តី នៅដើមឆ្នាំនេះ រដ្ឋមន្រ្តីថ្មីរបស់ប្រទេសប្រេស៊ីលលោក Mauro Vieira បានធ្វើការច្រានចោលការចូលរួមជាមួយអាមេរិកខាងត្បូងលើការបញ្ជូនយោធា ដោយសារប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែអាក្រក់ទៅៗ។ លោក Vieira បានលើកឡើងថា៖ « ខ្ញុំគិតថា យើងគួរតែស្វែងរកដំណោះស្រាយផ្សេងទៀត ខ្ញុំមិនដឹងថាការបញ្ជូនទ័ពទៅ ឬប្រតិបត្តិការរក្សាសន្តិភាព គឺជាដំណោះស្រាយនោះទេ ហើយខ្ញុំសង្ឃឹមថាប្រទេសដទៃទៀតក៏នឹងចូលរួមផងដែរ »។

សូមជម្រាបថា វិបត្តិដ៏យូរអង្វែងក្នុងប្រទេសហៃទី រីករាលកាន់តែខ្លាំង បន្ទាប់ពីប្រធា​នាធិបតី​របស់ខ្លួន Jovenel Moïse ត្រូវបានធ្វើឃាតនៅក្នុងគេហដ្ឋានក្នុងរដ្ឋធានី Port-au-Prince ។ ចាប់តាំងពីពេលនោះមក ក្រុមក្មេងទំនើងបានកាន់កាប់ ៦០% នៃរដ្ឋធានី ហើយនយោបាយហៃទីត្រូវបានធ្លាក់ចុះ វិបត្តិមនុស្សធម៌កើតមាន និងអសន្តិសុខបានរីករាលដាល។

នៅក្នុងការបំពេញទស្សនកិច្ចនៅប្រទេសហៃទី កាលពីខែកុម្ភៈ ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បាននិយាយថា « មនុស្ស២ម៉ឺននាក់កំពុងស្ថិតក្នុងគ្រោះទុរ្ភិក្សដ៏មហន្តរាយ» ។ ពិតណាស់ ប្រទេសហៃទីត្រូវបានគេដឹងថា ជាប្រទេសដែលខ្វះខាតសន្តិសុខ និងអន្តរាគមន៍ចាប់តាំងពីដើមសតវត្សទី ១៩ មកម្ល៉េះ ដែលធ្វើឱ្យប្រជាជនរបស់ប្រទេសខ្លួន និងសំណាក់បរទេស ត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់នៅពេលរស់នៅទីនោះ ជាពិសេសគឺការបារម្ភពីការជ្រៀតជ្រែកពីអន្តរជាតិ ។ ម្យ៉ាងវិញទៀតភាពចលាចលអសន្តិសុខក្នុងប្រទេសសព្វថ្ងៃនេះក៏ទំនងជាកើតឡើងដោយសារតែនាយក​​រដ្ឋមន្រ្តីហៃទី Ariel Henry ស្នើសុំឱ្យមានការដាក់ពង្រាយកម្លាំង កាលពីខែតុលាឆ្នាំមុនផងដែរ។

កាលពីឆ្នាំ ២០២២ អគ្គលេខាធិការអ.ស.ប  លោក António Guterres ធ្លាប់បានអំពាវនាវឱ្យដាក់កម្លាំងសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីជួយប៉ូលិសហៃទីក្នុងការដោះស្រាយរឿងក្រុមក្មេងទំនើង។  កាល​ពី​ថ្ងៃ​អង្គារផងដែរ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប បាន​ជំរុញ​ឱ្យ​ពិភពលោក​ពិចារណា​នូវ​អ្វី​ដែល​ខ្លួន​ហៅថា ជាកម្លាំង​ជំនួយ​ឯកទេស​៕

ប្រែសម្រួលដោយ៖ ឡេង អារីតា

ប្រភពព័ត៌មាន៖​ UN calls for foreign intervention in Haiti as violence surges | Haiti | The Guardian

ads banner