ស្នងការនគរបាលខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ

ព្រៃវែង៖ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។

ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត ។

សូមបញ្ជាក់ថា ចាប់តាំងពីលោកឈឿន ប៊ុនឆនឡើងកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែងប្រមាណ១០ថ្ងៃមកនេះ បានបង្ក្រាបក្មេងទំនើងគប់កញ្ចក់រថយន្តចំនួន ៣នាក់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងចំនួន ១០នាក់ទៀតដែលធ្វើសកម្មភាព ជិះម៉ូតូដេញជេរគ្នាបង្កភាពអាណាធិបតេយ្យនៅក្រុងព្រៃវែងហើយក៏បានប្រើវិធានការធ្វើការអប់រំឱ្យបញ្ឈប់សកម្មភាពគប់កញ្ចក់រថយន្តក៏ដូចជាជេរគ្នាតាមផ្លូវដែលដែលនាំឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ។តែចាប់ពីពេលនេះតទៅវិធានការអប់រំ នឹងមិនប្រើទៅលើក្មេងជំនើងទៀតទេ គឺត្រូវតែចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

នុត នាង

ads banner