មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ រយៈពេលជាង ៣០ឆ្នាំ មកនេះ យើងមានការកើនឡើង ធនធានមនុស្សគ្រប់មជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការ

អត្ថបទដោយ៖
នុត នាង

(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឆ្លងកាត់រយៈពេលជាង ៣០ឆ្នាំ កន្លង ទៅរហូតបច្ចុប្បន្ននេះយើងមានធនធានមនុស្សគ្រប់គ្រាន់ទាំងក្នុងមជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍប្រទេស។

ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តមពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើឡើងក្នុងពិធី សម្ពោធអគាសិក្សា និងប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៣នេះ។

ពិធីនេះមានការចូលរួមពីលោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក លោកស្រីជាប្រតិភូអមដំណើរ វិស័យឯកជន ម្ចាស់រោងចក្រសហគ្រាសសិស្សនិស្សិតនៃវិទ្យាស្ថាន និងមន្ត្រីដែលពាក់ពន្ធ័ជាច្រើនរូបផងដែរ។

បើតាម លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានមានផ្ទៃដីសរុបចំនូន ៧០៩៥ម៉ែត្រការ៉េ មានអគារសរុបចំនួន ៥អគារ ដែលបែងចែកជាអគារសិក្សា ២អគារ អគាររោងជាង១អគារ អគារអន្តេវាសិកដ្ឋាន១អគារ អគាររដ្ឋបាល១អគារ និងមានរោងជាងជួសជុលរថយន្តចំនួន១ ហើយសមិទ្ធិផលថ្មី ដាក់ឱ្យដំណើរការថ្ងៃនេះមានចំនួន ៣អគារ អគាររោងជាង និងជួសជុលអគាររដ្ឋបាល។

ចំពោះស្ថិតិសិក្ខាកាម សិស្ស និស្សិត ចំនួនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រចាប់ពីឆ្នាំ២០១៤-២០២២ សរុបមានចំនួន៦៥២១នាក់ ស្រីចំនួន៣១៨២នាក់។ ហើយអត្រាមានការងារធ្វើ អត្រាសិស្ស និស្សិត មានការងារធ្វើ ៩០% នៅវិស័យឯកជន និង១០% រៀនបន្ត ប្រកបការងារដោយខ្លួនឯង និងបម្រើការងារ ក្នុងវិស័យសាធារណៈ។

ជាមួយគ្នានេះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា សមិទ្ធផលប្រកប ដោយផ្លែផ្កា ដែលយើងទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពថ្មី មួយទៀតដែលបញ្ជាក់ឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងការ អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក្នុងដំណាក់កាលថ្មីដែលយើងកំពុងធ្វើ សមាហរណកម្មទៅក្នុងតំបន់ និងសាកលភាវូបនីយកម្មពិភពលោក។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សូមអំពាវនាវដល់គណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថានទាំងអស់ ឱ្យខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាពអប់រំ ដើម្បីជាវិភាគទានដ៏ថ្លៃថ្លា ក្នុងការស្តារនិងការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលស្ថិតក្នុងកន្សោមអាទិភភាពនៃ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាស្ថាន ដែលបានខិតខំ និងបណ្តុះបណ្តាលក្មួយៗនិស្សិត សរុបចំនួន ២១១៦នាក់ ឱ្យបានបញ្ចប់ការសិក្សាដោយជោគជ័យទាំងនាថ្ងៃនេះផងដែរ៕

នុត នាង

ads banner