ខេត្តព្រៃវែង ប្តេជ្ញាជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទីប្រជុំជន និងជនបទ ដើម្បីទាក់ទាញកំណើនទេសចរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ថ្នាក់ដឹកនាំខេត្តព្រៃវែងបានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនៅទីប្រជុំជននិងជនបទបន្ថែមទៀត ដើម្បីទាក់ទាញទេសចរមកកាន់ខេត្តព្រៃវែងឱ្យច្រើន ខណៈខេត្តមួយក៏មានសក្តានុពលច្រើនដែរ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមានកម្រិត។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រៃវែង រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម  ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែងបានលើកឡើងថា នាពេលអនាគតសម្រាប់ខេត្ដព្រៃវែង នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយប្រកបដោយ​សក្កានុពលក្នុងការ​ទាក់​ទាញ​ភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដកាន់តែច្រើនថែម​ទៀត។ ឯកឧត្តមបន្តថា ជាផែនការរបស់ខេត្តបច្ចុប្បន្នបាននិងកំពុងយកចិត្ដទុកដាក់លើជំរុញដល់ការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវខេត្ត ផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត។ លោកបានបញ្ជាក់ថា៖«រដ្ឋបាលខេត្តព្រៃវែង បានបន្តជំរុញសកម្មភាពសំខាន់ៗ ដូចជា បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទីប្រជុំជន

និងជនបទ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ពិសេសរួមចំណែកអភិវឌ្ឍន៍ខេត្តឱ្យមានសន្ទុះរីក ចម្រើន»។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ដែរថា ចំពោះតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍​ទួលព័ន្ធ​តាឡី​បឹងស្នេហ៍ ដែលមានផ្ទៃបឹង ទំហំ៣ ៥៥៧ ហិកតា ជាប្រភពទឹកដ៏សំខាន់ពុំចេះរីងស្ងួត គ្រប់រដូវ និងមានភាពទាក់ទាញយ៉ាងខ្លាំងដល់ការវិនិយោគផ្នែកវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នក៏មានបណ្តាក្រុមហ៊ុនមួយចំនួនកំពុងសិក្សាដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដែលរដ្ឋបាលខេត្តកំពុងពិនិត្យសិក្សាលើគម្រោងទាំងនោះផងដែរ។

មិនតែប៉ុណ្ណោះអភិបាលខេត្តរូបនេះអះអាងថា រដ្ឋបាលខេត្ត ក៏បានសហការជាមួយអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីដាក់បញ្ចូលរៀបចំបង្កើនជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ជាទំបន់ការពារដោយ អនុក្រឹត្យនាពេលឆាប់ៗនេះ។

បើតាមលោក អ៊ុន សុធា ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តព្រៃវែង បានឱ្យដឹងថា រយៈពេល ៥ឆ្នាំមកនេះ ការងារសាធារណការ និងដឹកជញ្ជូន បានធ្វើការថែទាំ និងស្ថាបនាផ្លូវរបស់ខេត្តរួមមាន ស្ថាបនាផ្លូវក្រាលកៅស៊ូបានប្រវែងជាង ២២៨ គីឡូម៉ែត្រ ផ្លូវបេតុងប្រវែងជាង ២៣ គីឡូម៉ែត្រ ផ្លូវដីល្បាយថ្ម ក្រាលក្រួសក្រហមនិងខ្សាច់ភ្នំប្រវែងជាង ៤៧១ គីឡូម៉ែត្រ។ក្នុងនោះខេត្តមានស្ពានចំនួន ២០កន្លែង មានប្រវែង ៥៩៤ម៉ែត្រ, លូមូលបណ្តោយផ្លូវប្រវែង ៥,៣៦គីឡូម៉ែត្រ បើគិតជាមទំហំថវិកាមាន៥៥០.៥៥៦លានរៀល(ប្រាំរយ ហាសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលានរៀល)។ លោកឱ្យដឹងថា ខេត្តមានផ្លូវជាតិចំនួនប្រាំមួយខ្សែ ប្រវែង២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន៣៧ថ្ងៃ មានប្រវែង៦៣៨, ១៨គីឡូម៉ែត្រ មានស្ពានបេតុង ចំនួន១២៩កន្លែង ប្រវែង៦.៦១៣ម៉ែត្រ ស្ពានបេឡេត៍ ចំនួន០២ កន្លែង ប្រវែង១១៧ម៉ែត្រ ស្ថានខ្សែកាប ចំនួន០១កន្លែង ប្រវែង២. ២១៥ម៉ែត្រ។ ចំពោះស្ថានភាពផ្លូវជនបទក្នុងខេត្តព្រៃវែង ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បានតភ្ជាប់ពីក្រុង ស្រុក ទៅ កាន់បណ្តាឃុំ/សង្កាត់ មានសរុបចំនួន១,០៩៧ខ្សែ ប្រវែង

លោកបញ្ជាក់ថា ដោយសារវិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាឱស្សាហកម្មគ្មានផ្សែង ហេតុនេះជាចក្ខុវិស័យរបស់ខេត្តគឺនឹងខំជំរុញកំណើនទេសចរណ៍ តាមរយៈការខិតខំសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យល្អបន្ថែមទៀត។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្រព្រៃវែងបានបង្ហាញថា ខេត្តព្រៃវែង មានរមណីយដ្ឋានប្រវត្តិសាស្ត្រ ចំនួនមួយកន្លែង គឺរមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ ស្ថិតក្នុងស្រុកបាភ្នំ។ មានរមណីយដ្ឋានធម្មជាតិចំនួន បីកន្លែង គឺរមណីយដ្ឋានទូលពន្ធតាឡីបឹងស្នេហ៍ ដែលមានសត្វស្លាប ជាច្រើនប្រភេទពី១៥ម៉ឺនទៅ២០ម៉ឺនក្បាលកំពុងរស់នៅ, រមណីយដ្ឋានស្ទឹងចារ (ស្រុកកំចាយមារ) និងរមណីយដ្ឋាន ដីដុះ

(សកពាមជរ)។ ជាងនេះទៀត ខេត្តក៏មាន រមណីយដ្ឋានវប្បធម៌ចំនួនបីកន្លែង គឺរមណីយដ្ឋានទួលបារាយអណ្តែត រមណីយដ្ឋានទួលអស់លោក ប្រធាតុ (ក្រុងព្រៃវែង) និងរមណីយដ្ឋានប្រាសាទព្រៃដើមស្រុក (ស្រុកស៊ីធរកណ្ដាល) ។

ដោយឡែក ក្នុងរយៈពេលប្រាំឆ្នាំ​ពោលចាប់ពីឆ្នាំ២០១៨-២០២២ មានភ្ញៀវទេសចរសរុបមានសរុបចំនួន ១ ៩២០ ៣៤៤នាក់ទៅកាន់ខេត្តព្រៃវែង ។ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១ ៩០៥ ៧៦៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន ១៤ ៥៧៩ នាក់៕

អត្ថបទ៖ សែម ពិសី

ads banner