សន្និសីទអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា លើការ​អភិរក្ស និង​អភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សន្និសីទអន្តរជាតិបានធ្វើការវាយតម្លៃខ្ពស់​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការប្តេជ្ញាចិត្តចំពោះការអភិរក្សនិងអ​ភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ ​រយៈពេល ១៥ ឆ្នាំ មកនេះ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។​ ការវាយតម្លៃនេះ ត្រូវ​បានធ្វើឡើង​តាមរយៈ​លទ្ធផល​នៃ​សន្និសីទអន្តរជាតិពិសេសស្ដីពី «តំបន់បេ​តិកភណ្ឌព្រះវិ​ហារ និងកោះកេរ»ដែល​បានរៀបចំឡើងកាល​ពី​ថ្ងៃទី​២០ ខែមីនា នាខេត្តសៀមរាប ​ដោ​យអាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពី​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

និងជាប្រធានគណៈប្រ​តិភូរាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះក៏មានការ​ចូលរួម​ពី​​លោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែល​ជា​សហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេ​តិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួនបួនប្រទេសផ្សេងទៀត​ រួមនឹង​មន្រ្តីជំនាញពាក់ព័ន្ធ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ​ប្រមាណ ១០០នាក់ និង​តាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់ទៀត​ផងដែរ។ ​

យោងតាមសេចក្តីប្រកាសព័ត៌មាន​​ស្ដីពីលទ្ធផលនៃសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិ​កភណ្ឌព្រះវិហារ និងកោះកេរ ​បាន​ឱ្យដឹងថា អង្គសន្និសីទទាំងមូល​បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តចំ​ពោះការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ។

សន្និសីទអន្តរជាតិពិសេសបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាល​កម្ពុជាបាន​អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសា​ទព្រះវិហារ បាន​ក្នុងរយៈពេល ១៥ ឆ្នាំ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈលទ្ធផលដែលបានបង្ហាញដោយអាជ្ញាធរជាតិព្រះវិហារ»។ ជាមួយគ្នានេះ អង្គសន្និសីទ​ក៏​បានកោតសរសើរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក នៅក្នុងក្របខណ្ឌ ICC-Preah Vihear រួមមានប្រទេសចិន និងឥណ្ឌា ដែលជាសហប្រធាន និងប្រទេសស​មាជិក មួយចំនួនដូចជា ប្រទេសប៊ែលហ្ស៊ិក ជប៉ុន សហរដ្ឋអាមេរិក។ រួមជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិ មួ​យចំនួនដូចជា អាជ្ញាធរជាតិអប្សរា, អាជ្ញាធរសំបូរព្រៃគុក, សាលាចុងបូព៌ាបារាំង (EFEO), ទីភ្នាក់ងារ កិច្ចស​ហប្រតិបត្តិការអាឡឺម៉ង់ (GIZ),

សកលវិទ្យាល័យ Waseda, សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, វិទ្យាស្ថានបច្ចេ​កទេសកម្ពុជា និងសកលវិទ្យាល័យ Toronto ជាដើម។

​បើតាមក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ កាល​ពីថ្ងៃទី​២១ ខែមីនា បាន​ឱ្យដឹងថា ការ​រៀបចំសន្និសីទ​នេះឡើង​ដើ​ម្បីអបអរខួប១៥ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក(២០០៨-២០២៣)និងខួប១០ឆ្នាំនៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣)។ ​​ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លង

មក ដែ​ល​ក្នុងនោះ​មានដូចជា ការកំណត់ផែនទីហានិភ័យនៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមក​ន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង៣០កន្លែង,ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបានបន្តថា អាជ្ញាធរជាតិព្រះវិហារក៏បាន​ធ្វើ​ការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារ ដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិ​ញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្ដុះបណ្ដាលយុវជនឱ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ ជាច្រើនទៀត។បើតាមសេចក្តីប្រកាស​លទ្ធផលដដែលនេះបាន​ឱ្យដឹងដែរថា ​ក្នុងក្របខ័ណ្ឌ ICC-Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិកបាន និងកំពុងផ្តល់ថវិកាជួយជួសជុល និងអភិរក្សជណ្តើរបុរាណខាងជើងចាប់តាំងពីឆ្នាំ ២០១៨ រហូតមក។ ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី ៥, ប្រទេសចិននឹងចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី១, ២ និង ៣, ហើ​យប្រទេសប៊ែលហ្ស៊ិកបានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះ​វិហារ ខណៈ​ប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋាន ព្រះវិហារ។

ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំ នៅកោះកេរ ព្រមទាំងសកវិទ្យាល័យ Waseda និងសកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សា ស្រាវជ្រាវទីតាំងឡបុរាណនិងប្រព័ន្ធធារាសាស្ត្រនៅតំបន់កោះកេរ។ សូមបញ្ជាក់ដែរថា នៅក្នុងសន្និសីទអន្តរជាតិពិសេសនេះអ្នកជំនាញ And hoc បានធ្វើបទបង្ហាញផងដែរពីបទពិសោធន៍សម្រាប់ការងារគ្រប់គ្រងកាលានុវត្តភាពនិងបញ្ហាប្រឈម របស់តំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អា​មេរិកកណ្ដាល និងតំបន់មជ្ឈិមបូព៌ា

ដើម្បីផ្ដល់ជាគំនិតដល់ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ ​

ស្របពេលនឹងសន្និសីទនេះអាជ្ញាធរជាតិព្រះវិហារ ក៏​បានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញអំពីលទ្ធផល នៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ផងដែរ៕

ដោយ៖នាង សុគន្ធា

ads banner