ឆាដ កាត់ទោសក្រុមឧទ្ទាមជាង ៤០០ នាក់ឱ្យជាប់គុកមួយជីវិត ជុំវិញការសម្លាប់អតីតប្រធានាធិបតីកាលពីពីរឆ្នាំមុន
យ៉ាមេណា៖តុលាការនៃប្រទេសឆាដ បានកាត់ទោសក្រុមឧទ្ទាមជាង ៤០០ នាក់ឱ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃអង្គារ ចំពោះការសម្លាប់អតីតប្រធានាធិបតីលោក អ៊ីឌ្រីស ដេប៊ី (Idriss Deby) ក្នុងតំបន់សមរភូមិប្រឆាំងនឹងក្រុមឧទ្ទាម FACT កាលពីឆ្នាំ ២០២១។ មេធាវីរបស់ក្រុមឧទ្ទាម (FACT) បានឱ្យដឹងថា ការកាត់ទោសសមាជិក FACT ចំនួន ៤៦៥ នាក់ បានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែកុម្ភៈ នៅរដ្ឋធានីយ៉ាមេណា។ ប៉ុន្តែនៅថ្ងៃអង្គារនេះ អង្គជំនុំជម្រះព្រហ្មទណ្ឌនៃតុលាការឧទ្ធរណ៍នៃក្រុងយ៉ាមេណា បានរកឃើញថា ជនជាប់ចោទចំនួន ៤៤១ នាក់មានពិរុទ្ធភាពនៃអំពើភេរវកម្ម ដែល
ធ្វើឱ្យខូចសន្តិសុខជាតិ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រមុខរដ្ឋ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត។ មេដឹកនាំ FACT លោក Mahamat Mahadi ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសផងដែរ។
មេធាវីរបស់ក្រុមឧទ្ទាម លោក Francis Djokoulde បានថ្លែងថា អ្នកមានពិរុទ្ធភាពទាំងអស់ត្រូវជាប់គុកអស់មួយជីវិត ហើយត្រូវសងសំណងដល់រដ្ឋទៀតផង។ លោកបន្តថា ក្រុមឧទ្ទាមជាង ២០ នាក់ផ្សេងទៀត រួចទោសដោយសារតែគ្មានភស្តុតាង ហើយបន្ថែមថា ក្រុមរបស់លោកនឹងប្តឹងឧទ្ធរណ៍នៅចំពោះមុខតុលាការកំពូល។ ចំណែកឯអ្នកនាំពាក្យក្រុម FACT លោក Adoum Chouwimi បាននិយាយថា ការកាត់ក្តីនេះមានភាពមិនត្រឹមត្រូវជាច្រើន ហើយបាន
ហៅសាលក្រមចុងក្រោយថាជាការបន្លំប្រជាជន។ លោកបន្តថា ការតស៊ូរបស់ក្រុមនឹងនៅតែបន្ត។
គួរបញ្ជាក់ថា លោក ដេប៊ី ត្រូវបានបាញ់សម្លាប់ពេលកំពុងធ្វើទស្សនកិច្ចកងទ័ពនៅតំបន់ប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម FACT ជួរមុខ កាលពីឆ្នាំ ២០២១។ ក្រោយការសម្លាប់នេះ កូនប្រុសរបស់លោក ឈ្មោះ Mahamat Idriss Deby ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្នដោយក្រុមប្រឹក្សាអន្តរកាលនៃមន្រ្តីយោធា ហើយនឹងបន្តកាន់អំណាចរហូតដល់ការបោះឆ្នោតជាតិអំឡុងខែតុលា ឆ្នាំ២០២៤៕
ប្រែសម្រួលដោយ៖ ហួន ឌីណា