សមាគមស្ករត្នោតកំពង់ស្ពឺ៖ តម្លៃនិងតម្រូវការនៃស្ករត្នោតមិនមែនជាបញ្ហា ប៉ុន្តែជួបបញ្ហាខ្វះកម្លាំងផលិត
ពីមួយឆ្នាំទៅមួយឆ្នាំទីផ្សារស្ករត្នោតកំពង់ស្ពឺ កាន់តែមានវិសាលភាពទូលំទូលាយ ដោយតម្រូវការទីផ្សារអន្តជាតិ និងទីផ្សារក្នុងស្រុកតែងមានការកើនឡើង តែស្របពេលដែលកសិករមួយចំនួនធំឈានចូល
វ័យចំណាស់ ធ្វើឱ្យកម្លាំងនៃការ

ផលិតមិនអាចបំពេញតាមតម្រូវការទីផ្សារទាំងនេះគ្រប់ចំនួនកំណត់
ឡើយ។
លោក វី វាសនា ដែលជាជំនួយការទូទៅនៃសមាគមស្ករត្នោតកំពុងស្ពឺ បានបង្ហាញងពីក្តីបារម្ភចំពោះចំនួនសមាជិកភាពនៃកសិករនៅក្នុងសមាគម ដែលមានចំនួនមិនទៀងទាត់ និងបានជះឥទ្ធិពលទៅលើបរិមាណផលិត ហើយក្មេងៗជំនាន់ក្រោយមិនចាប់អារម្មណ៍ក្នុងការបន្តអាជីពនេះពីគ្រួសាររបស់ពួកគេ។
លោក វី វាសនា បានឱ្យដឹងថា៖ «សម្រាប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះមិនមែនជាបញ្ហាប្រឈមសម្រាប់សមាគមកសិកម្មស្ករកំពង់ស្ពឺនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះគឺ ចំនួនកសិករមិនទៀងទាត់ ឡើងចុះៗ»។

ប្រភពដដែលនេះបានបន្តឱ្យដឹងថា កាលពីឆ្នាំមុន តម្រូវការទីផ្សារស្ករត្នោតប្រភេទម្សៅមានរហូតដល់ ១៥០តោន ប៉ុន្តែកម្លាំងរបស់សហគមអាចផ្គត់ផ្តង់បានត្រឹម ៧០តោនប៉ុណ្ណោះ។ ចំណែកឆ្នាំនេះតម្រូវការមានជាង ១០០តោនដដែលពោលគឺមិនតិចជាងឆ្នាំមុនឡើយ ប៉ុន្តែមកទល់ពេលនេះសហគមប្រមូលបានបរិមាណស្ករត្រឹម ៣០តោន ខណៈពេលវេលានៅសល់ត្រឹម ៣ខែទៀតប៉ុណ្ណោះដើម្បីផលិត។ លោក វី វាសនា បានឱ្យដឹងទៀតថា៖ «ភាគច្រើនអ្នកឡើងត្នោតមានអាយុចន្លោះ ៣០ក្រាស់រហូតទៅដល់ ៧០ឆ្នាំ ឬ៧០ឆ្នាំជាងក៏មានដែរ វ័យរបស់ពួកគាត់កាន់តែចាស់ជរា ឯក្មេងៗដែលពេញកម្លាំងពួកគាត់ភាគច្រើនងាកទៅប្រកបការងាររោងចក្រ សំណង់ទៅវិញ ព្រោះ
ដោយសារតំបន់ស្ករត្នោតយើងក្បែរទៅនៅតំបន់អភិវឌ្ឍន៍ដែលមានរោងចក្រសហគ្រាសច្រើន»។
ក្រៅតែពីបញ្ហាកម្លាំងពលកម្ម លោក វី វាសនា ក៏បានឱ្យដឹងពីបញ្ហាប្រឈមមួយទៀតគឺ ការបាត់បង់ដើមត្នោតមួយចំនួនធំតាមរយៈការអភិវឌ្ឍន៍ឈូសឆាយធ្វើដីឡូត៍ ប៉ុន្តែបញ្ហានេះមិនជាបញ្ហាធំពេកទេ ដោយសារខាងសមាគមតែងតែធ្វើការបង្រៀន និងចុះណែនាំ ទៅដល់កសិករដើម្បីទប់ស្កាត់ការកាប់ត្នោត ទោះបីជាគាត់លក់ដីក្តី តែសហគមស្នើឱ្យគាត់រក្សាដើមត្នោត ខណៈមានកសិករខ្លះគាត់បានដាំដើមត្នោត បច្ចុប្បន្ន សមាគមដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨នេះ មានសមាជិកប្រមាណ ១៦៥គ្រួសារ និងផលិតស្ករត្នោត ៤ ប្រភេទដែលមានដូចជា ស្ករសាច់ ស្ករម្សៅ ស្ករសេរ៉ូ និងស្ករផែន សម្រាប់ផ្តត់ផ្គង់ដៃគូចំនួន១១ ក្នុងនោះក្រុមហ៊ុន ៩ និងអាជីវករ ២។
ក្នុងចំណោមស្ករត្នោត ៤ប្រភេទនេះ ស្ករសាច់ គឺជាស្ករចម្បងសម្រាប់ផ្តត់ផ្គង់ក្នុងស្រុក និងស្ករម្សៅផលិតសម្រាប់នាំចេញទៅបរទេស។
ដោយឡែក ទាក់ទិននឹងតម្លៃរបស់សហគមន៍ស្ករត្នោតកំពង់ស្ពឺ លោក វី វាសនា បានឱ្យដឹងដែរថា តម្លៃ តែងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះមិនមានការកើនឡើងច្រើនក្តី។
លោក វាសនា បន្តថ្លែងថា «ឧទាហរណ៍ដូចស្ករសាច់ កាលពីឆ្នាំមុនកសិករខ្លះគាត់អាចលក់បាន ៥ពាន់ ទៅ ៥៥០០ រយរៀលក្នុងមួយគីឡូក្រាម ហើយមកដល់ឆ្នាំ ២០២៣ នេះកសិករខ្លះគាត់អាចលក់បាន ៦ពាន់ ទៅ ៦៥០០ រៀល ខណៈតំបន់ខ្លះកសិករគាត់អាចលក់បានរហូតដល់ ៧ពាន់ក៏មាន»
លោក វាសនាបន្តថា «ចំណែកឯស្ករម្សៅវិញ មានការកើនឡើងពី ៦៨០០រយរៀល រហូតដល់ ៧២០០ រយសម្រាប់ស្ករប្រភេទ GI ឯសម្រាប់ស្ករសរីរាង្គកើនដល់ ៧៣០០រយរៀល»។
បន្ថែមពីលើនេះ ជំនួយការទូទៅនៃសមាគមស្ករត្នោតកំពុងស្ពឺ បានបន្តថា «ខ្ញុំចង់ឱ្យកសិករ និងអាជីវករ ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស បន្តជួយគាំទ្រទៅដល់ស្ករត្នោតប្រភេទនេះបន្ថែមទៀត ហើយបើសិនជាមានការគាំទ្រខ្ពស់កសិករអាចនឹងងាកមក ឡើងត្នោតឡើងវិញ»៕ ដោយ៖ កែវ បុស្បា