អណ្ដើកហ្លួង ២០ក្បាល ត្រូវបានអង្គការ WCS និងរដ្ឋបាលជលផល លែងចូលក្នុងទីជម្រកធម្មជាតិ
ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាសហការជាមួយ Mandai Nature និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមីនា បានលែងអណ្ដើកហ្លួងឬអណ្ដើកសរសៃចំនួន២០ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS លោក សោម ស៊ីថា បានឱ្យដឹងថា អណ្ដើកហ្លួងទាំង ២០ក្បាល ដែលបានលែងនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីបានញាស់ពីសំបុកដែលបាន

ការពារតាមដងព្រែកស្រែអំបិល និងព្រែកកំពង់សីលា ក្នុងខេត្តកោះកុង និងព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦។
លោកបានបន្តថា កូនញាស់នេះ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញនាថ្ងៃនេះ។ ចំណែក លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងជាពិសេសអង្គការ WCS ដែលបាន

និងកំពុងស្ដារប្រភេទដែលកំពុងរងគ្រោះនេះឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។
លោកមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិលនិងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ ដូច្នេះ រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់ជលផល»។ លោក អ៊ុក វិបុល ក៏បានក្រើនរំលឹកដល់សហគមន៍មូលដ្ឋាន ឲ្យជៀសវាងការជួញដូរប្រភេទសត្វដ៏កម្រនេះ។

ជាមួយគ្នានេះ នាយកអង្គការ Mandai Nature លោក សុនចា ឡូហ្ស (Dr. Sonja Luz) បានចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារ និងអភិរក្សអណ្ដើកហ្លួងទាំងនេះ។
លោកថា ការលែងសត្វអណ្ដើកហ្លួងបន្ថែមទៀតចូលទៅក្នុងទីជម្រកធម្មជាតិ បានបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។ លោក សុនចា ឡូហ្ស (Dr. Sonja Luz) ថ្លែងថា ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន និងសហគមន៍
ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការWCS បានឱ្យដឹងថា អណ្ដើកហ្លួងនេះ ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទ ដែលជិតផុតពូជបំផុតនៅលើពិភពលោក។
ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥។ សេចក្តីប្រកាសបានបន្តថា ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បា
នរកឃើញសារជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។
ប្រភពដដែលបានបញ្ជាក់ថា ការលែងអណ្ដើកហ្លួងនេះ ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទស្សវត្សរ៍ក្នុងការការពារសំបុកអណ្ដើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្ដើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៥មក នេះជាការលែងអណ្ដើកហ្លួងលើកទីប្រាំពីរចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលសរុបទាំងប្រាំពីរលើកនេះមានចំនួន ១៦៧ក្បាល៕ដោយ៖នាង សុគន្ធា