២០ឆ្នាំមកនេះ ខេត្តព្រៃវែង បានចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបានជិត៧០ម៉ឺនបណ្ណ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងរយៈពេល២០ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ ២០២២ រដ្ឋបាលខេត្តព្រៃវែង បានចេញបណ្ណជូនប្រជាពលរដ្ឋបានជិត៧០ម៉ឺនបណ្ណ។ រដ្ឋបាលខេត្តក៏ប្តេជ្ញា​នឹងខិតខំពន្លឿនការងារនេះដើម្បីឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី”ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រៃវែង រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម  ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង បានលើកឡើងថា ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចាប់ពីអនុវត្តការងារឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ បានចេញបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ៦៦៩ ៣៦៨ បណ្ណមានចំនួន ២៤៧ ៩១៨គ្រួសារ ស្មើនឹង ៨៥ភាគរយនៃគ្រួសារសរុប ២៩២ ៩៣០ ដែលអនុវត្តរួចលើក្រុងស្រុក ចំនួន១៣ និងឃុំ សង្កាត់ចំនួន១០០ ស្មើនឹង ៨៧៤ភូមិ ។ ដោយឡែកបើគិតត្រឹមរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៨-២០២២ លោកថា រដ្ឋបាលខេត្ត បានចេញជាប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ បានចំនួន១៧៧ ៧៥៩ បណ្ណ មានចំនួន ៤៣ ៨៨៩គ្រួសារ។ ឯកឧត្តមអភិបាលខេត្តព្រៃវែងបានបញ្ជាក់ដែរថា សមិទ្ធផលទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់

និងសុរិយោដីខេត្ត​រួមជាមួយមន្រ្តី និងបងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែចំនួននេះ នៅតែមិនទានមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ។ជាមួយគ្នានេះលោកថា រដ្ឋបាលខេត្ត ប្តេជ្ញា​នឹងខិតខំពន្លឿនការងារនេះ ពិសេសខិតខំដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានកាន់តែច្រើនថែមទៀត។

ចំណែកលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានឱ្យដឹងដែរថា រយៈពេល២០ឆ្នាំចុងក្រោយនេះខេត្តព្រៃវែងបានចេញបណ្ណកម្មសិទ្ធិដីធ្លីដល់ដៃប្រជាពលរដ្ឋបានចំនួនសរុប ៦៦៩ ៣៦៨ បណ្ណ ដោយបានអនុវត្តបញ្ចប់ជាស្ថាពរកិច្ចការចុះបញ្ជីក្នុងស្រុកចំនួនបីរួមមាន ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ។

លោកបន្តថា សម្រាប់ឃុំកំពុងអនុវត្តមានចំនួន ១៨ឃុំ ស្មើនឹង ៧៩ភូមិ ដោយក្នុងនោះ ចំនួនឃុំមិនទាន់បានចុះអនុវត្តមានចំនួន ១៦ឃុំ ស្មើនឹង ២០៣ភូមិ ខណៈកិច្ចការបានវាស់វែងចប់នៅក្នុងស្រុកកំចាយមារ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកញ្ជ្រៀច។ ចំណែកកិច្ចការនៅសល់ លោកថា មានស្រុកមិនទាន់វាស់វែងចប់មានស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកមេសាងជាដើម។  សម្រាប់ទិសដៅបន្តរដ្ឋបាលខេត្តព្រៃវែងអះអាងថា ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត

តែងបានខិតខំយកចិត្តទុកដាក់ និងពន្លឿនការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យអស់ក្នុងពេលឆាប់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទ៖ សែម ពិសី

ads banner