ព្រះរាជអាជ្ញាអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ជួបសហមេធាវីការពារក្តីនៅថ្ងៃទី២៨មីនា
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា តំណាងអយ្យការបានទទួលលិខិតរបស់ពិរុទ្ធជន កឹម សុខា ដើម្បីស្នើសុំជួបជាមួយសហមេធាវីការពារក្ដីរបស់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ ជាពិសេសជួបពិគ្រោះយោបល់ ក្នុងការប្តឹងឧទ្ធរណ៍ឱ្យទាន់ពេលវេលាកំណត់។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា ដោយអនុវត្តទៅតាមសាលក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣របស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ កថាខណ្ឌទី២ នៃសេចក្តីសម្រេចបានសម្រេចថា “មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអាមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ”។ ក្រោយពីបានទទួលលិខិតស្នើសុំខាងលើ តំណាងអយ្យការបានអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ទទួលជួប និងឱ្យសហមេធាវីការពារក្តី ដែលមានឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៤២/. ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល តាមលិខិតអនុញ្ញាតលេខ ២៦២ អយក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសម្របសម្រួលរបស់មន្ត្រីនគរបាលយុត្តិធម៌ ។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាតឲ្យពិរុទ្ធជន កឹម សុខា ទទួលជួបសហមេធាវីការពារក្តី និងឱ្យសហមេធាវីការពារក្តីដែលមានឈោ្មះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២/ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល និងឱ្យមន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ចអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដូចមាន យោងខាងលើ ផ្ដល់កិច្ចសហការ និងសម្របសម្រួលដើម្បីឱ្យសហមេធាវីអាចចូលជួបពិរុទ្ធជន កឹម សុខា៕
ដោយ៖ពលជ័យ


