តុលាការសម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងហ៊ុន កុសល និងចោទពីរបទល្មើស
ភ្នំពេញ៖ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២ បទល្មើស ទី១.ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោក ប្លង់ សុផលអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួររម្លឹកឱ្យដឹងថា ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានថ្លែងប្រាប់ AMS ថា នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២២ ខែមីនានេះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកយឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទល្មើស ទី១.បទញុះញង់ និងទី២.បទប្រមាថលើអង្គព្រះមហាក្សត្រ។
សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងរូបភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ កាលលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ យឹម ស៊ីណន នៅសង្កាត់ព្រៃស ខណ្ឌដង្កោ និងឈ្មោះ ហ៊ុន កុសល ឃាត់ខ្លួននៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្រមាថមើលងាយអង្គព្រះមហាក្សត្រ ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

