នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឱ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការសង្គ្រោះមនុស្សធម៌រវាងកងទ័ពកម្ពុជា-ចិន”។ យោងតាមកិច្ចសហប្រតិបត្តិការ និងការឯកភាពរវាងប្រទេសទាំងពីរ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាឡើងវិញនៅឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យបញ្ជាក់ថា គោលបំណងការធ្វើសមយុទ្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ។ កម្លាំងចូលរួម ភាគីកម្ពុជាមានចំនួន៥៨៣នាក់ និងភាគីចិនចូលរួមចំនួន២៥៧នាក់។ នៅក្នុងពេលទស្សនាពិធីបើក និងបិទជាផ្លូវការសមយុទ្ធនាគមាសនេះ កម្លាំងចូលរួមមានចំនួនសរុប ៣.៧៤៣នាក់។

អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឱ្យដឹងថា ចំពោះសម្ភារៈ គ្រឿងបំពាក់ដែលត្រូវចូលរួមក្នុងសមយុទ្ធនេះកងទ័ពរំដោះប្រជាជនចិន មានរថយន្តចំនួន៤៤គ្រឿង ព្រមទាំងអាវុធថ្មើរជើងឧបករណ៍ ស៊ើបការណ៍ ឧបករណ៍បន្សាបគីមី ឧបករណ៍រាវមីន និងសម្ភារបរិក្ខារសុខាភិបាលមួយចំនួនទៀត។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្លាប់បានធ្វើសមយុទ្ធនាគមាសនេះចំនួន៤ដង រួចមកហើយ គឺនៅក្នុង ឆ្នាំ២០១៦-២០១៨-២០១៩ និង២០២០ លើកលែងតែនៅឆ្នាំ២០១៧ ត្រូវអាក់ខានដោយសារការជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងក្នុងឆ្នាំ២០២១-២០២២ អាក់ខានដោយសារការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩៕
ដោយ៖ពលជ័យ
រូបភាព៖Freshnews

ads banner