ផ្លូវចាក់បេតុងប្រវែង ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម បានបើកការដ្ឋានសាងសង់

ខេត្តកណ្តាល ៖ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែប្រវែង ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ទទួលបន្ទុកយុវជន មានប្រសាសន៍ថា នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើន របស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែល ។

ឯកឧត្តម ជាប ដាវុធ បន្តថា ស្របតាមទិសស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែលើកឡើងជារើយៗថា «មានផ្លូវ, មានស្ពាន, គឺមាន ក្ដីសង្ឃឹម និង មានការអភិវឌ្ឍលើគ្រប់វិស័យ» ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃវិបត្តិនៃជំងឺដ៏កាចសាហាវនេះ មកលើសង្គម-សេដ្ឋកិច្ច បានយ៉ាងល្អប្រសើរ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ បើធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល ។

ក្នុងនាមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ឯកឧត្តម ជាប ដាវុធ បានស្នើឱ្យមានការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកល្វាឯម ក៏ដូចជាប្រជាពលរដ្ឋទូទៅ, បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១-សមត្ថកិច្ចពាក់ព័ន្ធឃុំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំ ដោះស្រាយសំណើ, សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌ ជាពិសេស សំណើ, សំណូមពរ និង បញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈនាពេលកន្លងមក ។ ចំពោះសំណើ, សំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និង ឆ្លើយតបឱ្យបានឆាប់រហ័ស ទៅតាមលទ្ធភាពជាក់ស្តែង ។

២-បន្តយុទ្ធនាការបង្រ្កាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងខេត្ត ឱ្យបាន ជាប់ជាប្រចាំដូចភ្លៀងរលឹម, ដោយត្រូវធ្វើឱ្យប្រាកដប្រជា ធ្វើឱ្យជាប់លាប់, កុំធ្វើម្តងកាល ដែលនាំឱ្យសកម្មភាពខុសច្បាប់ទាំងនោះកើតឡើងវិញ ពិសេស អាជ្ញាធរនៅមូលដ្ឋានមិនត្រូវជាប់ពាក់ព័ន្ធ ឬ ឃុបឃិតជាមួយអ្នកប្រព្រឹត្តល្បែងស៊ីសងក្នុងគ្រប់រូបភាពជាដាច់ខាត ។ បើមិនដូច្នោះទេ, នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ជាធរមាន ។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញៀន, ការជួញដូរ និង រត់ពន្ធមនុស្ស និង ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និង ឱ្យបានតឹងរឹងជាប់ជាប្រចាំ ។ ទន្ទឹមនេះ, ប្រជាពលរដ្ឋ ពិសេស យុវជន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និង ប្រទេសជាតិ របស់យើង ។ ជាមួយគ្នានេះដែរ, សូមបន្តជំរុញបំផុសប្រជាជនឱ្យចូលរួមសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ៕ ដោយ ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner