កម្ពុជា ឥណ្ឌូនេស៊ី បន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី ឱ្យកាន់តែប្រសើរថែមទៀត
(ឥណ្ឌូនេស៊ី) ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៩ (29th AEM Retreat) នៅទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្ត បានលើកឡើង អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ស្របពេលដែលពិភពលោកកំពុងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ និងកំពុងប្រឈមនឹងបញ្ហាសកលជាច្រើន ដូចជា ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ការឡើងថ្លៃទំនិញស្បៀងអាហារ និងវិបត្តិថាមពល ជាដើម។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ី ភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។
ឯកឧត្តម Enggartiasto បានសម្តែងនូវក្តីសោមន្សរីករាយ និងអបអរសាទរកម្ពុជា សម្រាប់ការទទួលបានភាពជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងបានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។
ឯកឧត្តម Enggartiasto Lukita ក៏បានកត់សម្គាល់ផងដែរថា កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគ ៕
ដោយ ង៉ាន់ ទិត្យ