រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ អ្នកដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានជនបរទេស ៨៧១នាក់
(ភ្នំពេញ)៖ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់អំឡុង ខែមីនា ២០២៣ មានបណ្តឹងជាច្រើន ដែលបានផ្ញើចូលមក ដោយបានធ្វើចំណាត់ការពាក់ព័ន្ធបន្តទៅខេត្តចំនួន១១ និង រកឃើញមនុស្សពាក់ព័ន្ធ ១៣សញ្ជាតិ ។ ក្នុងនោះអ្នកដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានជនបរទេស ៨៧១នាក់ មកពី ១២ប្រទេស ដែលក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញថា មានពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ។
នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និបាត វិទ្យាស្ថានជាតិអប់រំ។
សម្តេចក្រឡាហោម ក៏បានថ្លែងទៀតថា ភាគច្រើន គឺករណីធ្វើអន្តោប្រវេសន៍ខុសច្បាប់ ធ្វើការងារខុសច្បាប់ និងចូលរួមក្នុងអំពើល្មើសដោយស្ម័គ្រចិត្ត (ឧទាហរណ៍ បង្កើតកម្មវិធីបោកជនរងគ្រោះ ការងារឆបោកអ្នកដទៃ ដោយទទួលបានបៀវត្សរ៍ ឬកម្រៃខ្ពស់…) ដែលត្រូវបានអនុវត្តតាមច្បាប់អន្តោប្រវេសន៍កម្ពុជា ធ្វើការបណ្តេញចេញ ចំនួន ២.៤៥៥នាក់។ ចំណែកប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើទេសន្តរប្រវេសន៍ ទៅធ្វើការក្រៅប្រទេស ជាពិសេស ក្នុងប្រទេសថៃ មានរាប់សែននាក់ ដែលផុតសុពលភាពឯកសារ ត្រូវប្រឈមនឹងការធ្វើការងារខុសច្បាប់បន្តទៀត ដែលចាំបាច់ត្រូវមានកិច្ចសហការ រកនីតិវិធីសមស្រប ដើម្បីដោះស្រាយ ជៀសវាង ការវិលមករកបញ្ហាដដែលៗ ដូចដែលកើតមានជាយូរមកហើយ និងកាន់តែធ្ងន់ធ្ងរទៅ ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ទាំងនេះជាកង្វល់ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហា ដោយបង្កើនការអប់រំផ្សព្វផ្សាយ រឹតបន្តឹងផ្នែកច្បាប់ និងពង្រីកកិច្ចសហការជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់សកម្មភាពដែលឆ្ពោះទៅកាន់ភាពរងគ្រោះទាំងនោះ ៕
ដោយ-រ៉ាវុធ