រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុថៃ៖ សេដ្ឋកិច្ច​ថៃ​នឹង​កើនឡើង​ពី​ ៣​ភាគរយ ទៅ ​៤ភាគរយ ​ក្នុងឆ្នាំ២០២៣

ថៃ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក អាខម ថឺភិថាយ៉ាផាយស៊ិត (Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួងហិ​រញ្ញវត្ថុថៃបានលើកឡើងថា នៅឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងពី ៣ ទៅ ៤ ភាគរយ ហើយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធត្រូវតែធ្វើការរួមគ្នាដើម្បីធានាបាននូវស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះបានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាស្ដីពីធុរកិច្ចមួយ ។លោកបានបន្តថា ប្រ​ទេសដែលមានទំហំសេដ្ឋកិច្ចដ៏ធំទីពីរនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅតែទទួលបានការជ្រោមជ្រែងខ្លាំងពីវិស័យ​ទេ​សចរណ៍ ខណៈដែលការនាំចេញមានការធ្លាក់ចុះ ដោយសារតែតម្រូវការពិភពលោកកំពុងមានការធ្លាក់ចុះដូចគ្នា។​

លោក​ថ្លែង​ថា ៖ «ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​អាច​នឹង​កើន​ដល់ ២៧ លាន​នាក់​នៅ​ឆ្នាំ​នេះ ពោលគឺកើន​ឡើង​ពី​ឆ្នាំ​មុនរហូតដល់ទៅ ១១,១៥ លាន​នាក់»។

រដ្ឋមន្ត្រីដដែលនេះបានបញ្ជាក់បន្ថែមថា ៖ «នៅពេលដែលបញ្ហាអតិផរណាមានការធូរស្រាល នោះយើងមិនចាំបាច់ប​ង្កើតគោលនយោបាយរូបិយវត្ថុដែលត្រូវដើរតាមគន្លងការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកនោះទេ»។​

លោកបានបន្តទៀតថា ​ទិសដៅនៃគោលនយោបាយរបស់ប្រទេសថៃភាគច្រើន នឹងមិនដើរតាមសហរដ្ឋអាមេរិកនោះទេ ពោលគឺត្រូវតែធានាឱ្យបាននូវសេដ្ឋកិច្ចមួយដែលអាចងើបឡើងវិញបានដោយខ្លួនឯង។ ដោយឡែក នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ ធនាគារកណ្តាលថៃត្រូវបានគេរំពឹងថានឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀត រហូតដល់កម្រិតសមរម្យមួយនៅក្នុងត្រីមាសនេះ។​

លោក អាខម បានបញ្ជាក់ម្ដងហើយម្ដងទៀតថា បញ្ហានៅក្នុងវិស័យធនាគារពិភពលោក មិនមានផលប៉ះពាល់ដល់ប្រទេសថៃនោះទេ។ ស្ថានភាពសារពើពន្ធរបស់ប្រទេសថៃមានភាពស្ថិរភាពនៅឡើយ ដោយសារបំណុលសាធារណៈមានប្រមាណ ៦១,២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមខែកុម្ភៈ ពោលគឺមិនខ្ពស់ខ្លាំងទេ ហើយបំណុលបរទេសក៏មានកម្រិតទាបផងដែរ។​

លោក អាខម បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសិក្ខាសាលាថា ៖ «ខណៈដែលប្រទេសថៃនឹងត្រូវរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ ការចំណាយរបស់រដ្ឋាភិបាលគួរតែបន្តរក្សាឱ្យស្ថិតនៅកម្រិតមួយដូចធម្មតា ប៉ុន្តែវាក៏អាចមានផលប៉ះពាល់ខ្លះៗទៅលើគម្រោងវិនិយោគថ្មីៗ មុនពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង»។

លោក​បាន​បន្ត​ថា​ តម្លៃរូបិយប័ណ្ណ​ប្រាក់​បាត​ទំនង​ជា​នៅ​តែ​មាន​ការ​ប្រែប្រួលចុះឡើងខ្លាំង​ ដែលនេះគឺដោយសារតែមានកត្តា​ជំរុញពី​ខាង​ក្រៅ ប៉ុន្តែទោះមាន​ការ​ផ្លាស់​ប្តូរច្រើនក៏ដោយ ក៏តម្លៃរបស់​វា​បាន​ស្ថិត​ក្នុង​កម្រិត​មួយដែលអាចទទួលយកបាន ដូចដែលយើងបាន​ឃើញ​កាលពី​ដើម​ឆ្នាំ។ លោក​បាន​បន្ថែម​ថា «ខ្ញុំ​ចង់​ឲ្យ​តម្លៃប្រាក់​បាត​មាន​ស្ថិរភាព ប៉ុន្តែយើងមិន​គួរ​មើលតម្លៃរបស់​វា​ជា​ប្រចាំ​ថ្ងៃ​នោះទេ»៕​

ដោយ៖ធា សុណា

ប្រភព៖ Thai economy to grow 3-4% this year, policy rate to ensure recovery – Finance Minister

ads banner