រដ្ឋាភិបាលបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើទ័ពឆ្នាំ១៩៧៨ ដើម្បីរំឭកដល់ស្នាដៃ និងជ្រោមជ្រែងជីវភាពកងទ័ពដែលលះបង់ជូនមាតុភូមិ
ភ្នំពេញ៖រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាប្រធានកិត្តិយសក្នុងគោលដៅរំឭកដល់ស្នាដៃដែលកងទ័ពជំនាន់នោះបានពលីជួយជាតិមាតុភូមិរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងដើម្បីជួយជ្រោមជ្រែងជីវភាព
រស់នៅរបស់កងទ័ពដែលនៅរស់រាន ពិសេសអ្នកមានជីវភាពទន់ខ្សោយ។
តាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្តីពី «ការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា “យ.ជ.ប.ទ.» មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាប្រធានកិត្តិយស, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជាប្រធាន និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។
គោលដៅនៃការបង្កើត គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ គឺមានតួនាទី និងភារកិច្ចសំខាន់បីយ៉ាង។ក្នុងនោះ គឺការថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ, ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខ លំបាក។
ចំណែកចំណុចចុងក្រោយគឺ ការរៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារីបានបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នៅជំនាន់ឆ្នាំនោះ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យដឹងថា
ការបង្កើតគណៈយុទ្ធមិត្តនេះមានភាពចាំបាច់ណាស់ដើម្បីរំឭកដល់ស្នាដៃដែលយុទ្ធមិត្តបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការនាំយកសន្តិភាព ឯកភាពជាតិ មកជូនមាតុភូមិកម្ពុជា ដែលជាការលះបង់ដ៏មានតម្លៃសម្រាប់ជាតិកត់ត្រាទុក។ មួយទៀតដើម្បីទ្រទ្រង់ជីវភាពដល់យុទ្ធមិត្តដែលនៅសេសសល់ ក្រុមគ្រួសារជាដើម ដែលជាការដឹកគុណជូនអ្នកទាំងនោះ។
ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា ៖ «បើគ្មានយុទ្ធមិត្តយើងពលីកម្មដើម្បីប្តូរយកសន្តិភាពនោះទេ យើងមិនមានថ្ងៃនេះទេ ហើយវាជាការគោរពដឹងគុណដល់អ្នកធ្វើពលីកម្មជូនជាតិទាំងអស់នោះ និងបើសិនជាក្រុមគ្រួសារពួកគាត់មានបញ្ហាលំបាក គណៈយុទ្ធមិត្តអាចជួយដោះស្រាយបាន»។
ពាក់ព័ន្ធនឹងការបង្កើតនេះដែរ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការបង្កើតគណៈយុទ្ធមិត្តឆ្នាំ១៩៧៨ នេះមានភាពចាំបាច់ដើម្បីរំឭកដល់ការលះបង់របស់កងទ័ព និងជាការចងចាំសម្រាប់អ្នកជំនាន់ក្រោយលើតឹកតាងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងតស៊ូរំដោះជាតិខ្មែរចេញពីរណ្តៅនៃរបបកម្ពុជាប្រជាធិបតេយ្យដែលធ្វើឲ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងប្រល័យពូជសាសន៍។ លោក យង់ ពៅ ប្រាប់ថា៖ «ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត រដ្ឋាភិបាលសម្រេចបង្កើតគណៈយុទ្ធមិត្តឆ្នាំ១៩៧៨ ដើម្បីជាមេរៀនប្រវត្តិសាស្ត្រ ជាការចងចាំសម្រាប់ខ្មែរគ្រប់ជំនាន់ ពីចលនាតស៊ូ ជាមេរៀននៃចលនាតស៊ូ ជាមេរៀននៃសង្គ្រាម ជាមេរៀននៃខ្មែរបែបបាក់។ បើសិនមិនមានការចងជាយុទ្ធមិត្តឆ្នាំ១៩
៧៨ ទេ អាចធ្វើឲ្យក្មេងជំនាន់ក្រោយមិនបានទទួល ចងចាំនូវស្នាដៃនៃការតស៊ូនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ សម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ្ទសក៍បានស្ថាបនាបង្កើតកងកម្លាំងប្រដាប់អាវុធរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមជំនួយពីកងទ័ពវៀតណាមដែលមានគោលដៅឆ្ពោះទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម រំដោះប្រទេសជាតិចេញពីការសម្លាប់រង្គាល។ ទាក់ទងនឹងគណៈយុទ្ធមិត្តនេះសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមីនា ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ដល់មូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ផងដែរ
ហើយស្របជាមួយគ្នានោះដែរ ក្រុមហ៊ុនធំៗចំនួនពីរក៏បានបរិច្ចាគថវិកាសរុបចំនួនមួយលានដុល្លារដល់មូលនិធិនេះផងដែរ។
ក្រុមហ៊ុនទាំងពីរនោះមាន ក្រុមហ៊ុន LYP គ្រុប ដែលបានឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ និងក្រុមហ៊ុន ជីបម៉ុងគ្រុប ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារដល់មូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តាមរយៈលោកជំទាវ ម៉ែន សំអន៕
ដោយ៖សំបាន ច័ន្ទដារ៉ា