ធនាគារជាតិនៃកម្ពុជាប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកប្រាក់តាមរយៈប្រព័ន្ធបណ្តាញសង្គម
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់មុននឹងផ្ទេរប្រាក់ ទៅស្ថាប័នណាមួយ ដើម្បីជៀសវាងការឆបោកប្រាក់តាមរយៈបណ្តាញសង្គម និងប្រព័ន្ធទូរសព្ទ ស្របពេលសមាគមហិរញ្ញវត្ថុកម្ពុជា ដោយបារម្ភថាករណីឆបោកនេះនឹងធ្វើឱ្យសាធារណៈជនបាត់ទំនុកចិត្តជាហេតុនាំឲ្យប្រព័ន្ធហិរញ្ញវត្ថុអាចប្រឈមនឹងការធ្លាក់ចុះ។
នេះបើយោងទៅតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ថ្មីៗនេះធនាគារជាតិបានសង្កេតឃើញថា មានជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបានប្រើប្រាស់គ្រប់រូបភាព នៅតាមបណ្តាញសង្គមដូចជា តេលេក្រាម(Telegram), ហ្វេសប៊ុក(Facebook) និង ទីក តុក(TikTok) ជាដើមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន មិត្តភក្ដិ ថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះ ដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយនោះ។ ធនាគារជាតិបានបញ្ជាក់ថា ៖ «សូមស្នើឱ្យសាធារណជនរក្សាសុវត្ថិភាពព័ត៌មាន
នៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់ តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ជាដើមឲ្យបានត្រឹមត្រូវ និងច្បាស់លាស់»។ ទាក់ទងនឹងករណីនេះ លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានឃើញករណីឆបោកប្រាក់ តាមរយៈប្រព័ន្ធបណ្ដាញសង្គមនេះផងដែរ ហើយវាមានការផ្ទុះឡើងច្រើនក្នុងអំឡុងពេលការផ្ទុះឡើងនូវជំងឺកូវីដ
១៩ ដែលក្រោយមកមានការអន្តរាគមន៍ពីអាជ្ញាធរ និងរួមទាំងការជូនដំណឹងពីបណ្ដាសមាគម ធនាគារ ឬបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនទៅ ឃើញថាមានភាពស្ងប់ស្ងាត់តិច។
លោកបានបន្តថា ប៉ុន្តែមួយរយៈក្រោយមកនេះ ឃើញថាករណីឆបោកទាំងអស់នេះ បានបន្តកើតឡើងវិញម្ដងទៀត ដែលកន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមទាំងសមាជិកជាង១២៦ផ្សេងទៀត តែងផ្សព្វផ្សាយជាប្រចាំទៅដល់អតិថិជន និងសាធារណៈជន តាមរយៈវគ្គបណ្ដុះបណ្ដាល ប្រព័ន្ធផ្សព្វផ្សាយនានាពីបញ្ហាទាំងនេះ។ បញ្ហាករណីឆបោកដែលកំពុងកើតឡើងនេះវាជាក្ដីព្រួយបារម្ភរបស់ស
មាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយសារវាធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពពលរដ្ឋ ធ្វើឱ្យបាត់បង់នូវថវិកា និងចំណូល បើពួកគាត់ត្រូវបានឆបោកនោះ។ លោក កាំង តុងងី បន្ថែម ដោយលោកសំណូមពរទៅកាន់ពលរដ្ឋដែលរងគ្រោះត្រូវប្ដឹង និងរាយការណ៍ព័ត៌មានទៅកាន់អាជ្ញាធរ ពីព្រោះកន្លងមកអាជ្ញាធរក៏មានចំណាត់ការមួយចំនួនទៅលើក្រុមឧក្រិដ្ឋជនទាំងអស់នោះដែរ។ លោក កាំង តុងងី បន្តថា៖ «យើងមានការព្រួយបារម្ភច្រើនពីបញ្ហាទាំងអស់នេះ ហើយទន្ទឹមហ្នឹងនេះ ដោយសារឧក្រិដ្ឋជនទាំងអស់នោះ ពេលខ្លះបានបន្លំខ្លួនថាជាគ្រឹះស្ថានហិរញ្ញវត្ថុជាអីទៅទៀត ។អ៊ីចឹងអាហ្នឹងវាធ្វើឱ្យទំនុកចិត្តសាធារណៈជនទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់យើងហ្នឹង វាអាចប្រឈមនឹងការធ្លាក់ចុះ បើសិន
ពលរដ្ឋយើងមិនអាចបែងចែករវាងពួកឧក្រិដ្ឋជន ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញស្របច្បាប់»។
អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)រូបនេះបានបន្តថា ជាទូទៅអាជ្ញាធរតែងតែអន្តរាគមន៍ និងដោះស្រាយបញ្ហាទាំងអស់នេះ ប៉ុន្តែដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ជាងនេះ គឺមានតែការយល់ដឹងរបស់ប្រជាពលរដ្ឋខ្លួនឯង ទើបជាដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត រួមជាមួយការបង្ក្រាបពីសំណាក់អាជ្ញាធរផងដែរ៕
ដោយ៖ជា សុខនី