ឯកឧត្តម សរ ស៊ីនឿន៖ ការរក្សាចាស់ បង្កើតថ្មី និងក្លាយទៅជាអ្នកដឹកនាំបន្តវេន ដែលមានជំនាញត្រឹមត្រូវច្បាស់លាស់ ទៅអាណត្តិបន្តបន្ទាប់ទៀត
ខេត្តព្រះវិហារ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មការ ក២៦.១៣ ស៨ និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងសេចក្តីសម្រេចចិត្តមហាសន្និបាតវិសមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជន ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សរ ស៊ីនឿន ប្រធានផ្នែកចាត់តាំង ក២៦.១៣ បានថ្លែងថា៖ ការរក្សាចាស់ បង្កើតថ្មី ទៅថ្ងៃអនាគត នឹងក្លាយទៅជាអ្នកដឹកនាំ សម្រាប់បន្តវេន ដែលមានជំនាញត្រឹមត្រូវច្បាស់លាស់ ទៅអាណត្តិបន្តបន្ទាប់ទៀត ។

ក្នុងនាម ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ប្រធានគណៈកម្មការ ក២៦.១៣ ឯកឧត្តម សរ ស៊ីនឿន បានសំដែងនូវការកោតសរសើរ និងឆ្លុះបញ្ជាំងពីការរីកចម្រើន នៅក្នុងការងារដឹកនាំ ក្រោមការទទួលខុសត្រូវខ្ពស់ របស់ ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ ចំណុះគណៈកម្មការ ក២៦.១៣.ស៨ សំដៅលើកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ប្រធានផ្នែកចាត់តាំង ក២៦.១៣ បានលើកឡើងថា៖ ថ្នាក់ដឹកនាំ ចំណុះអនុគណៈកម្មការ ស៨.៣ ត្រូវបន្តរៀបចំអង្គការចាត់តាំងបក្ស ឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម ដោយមានជំនាញច្បាស់លាស់ និងឆាប់រហ័ស ស្របទៅតាមអ្វីដែលថ្នាក់លើបានកំណត់ ។

ឯកឧត្តម សរ ស៊ីនឿន បន្តថា៖ ដើម្បីគាំទ្រដល់ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យើងទាំងអស់គ្នាត្រូវបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិនេះ នឹងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ៕ សួន លីណា

