យោធាចិននិយាយថាខ្លួន «ព្រមាន» នាវាចម្បាំងអាមេរិកឱ្យចេញពីដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូង
ប៉េកាំង:
យោធាចិនបាននិយាយថា ខ្លួនបានព្រមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិកឱ្យ “ចាកចេញពី” ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍ទី២៣មីនា។ ទោះជាយ៉ាងណា កងកម្លាំងអាមេរិក បដិសេធភ្លាមៗហើយថាព័ត៌មាននេះថាជាព័ត៌មាន “មិនពិត” ។
ប្រទេសចិនទាមទារកម្មសិទ្ធិស្ទើរតែទាំងអស់នៃផ្ទៃសមុទ្រចិនខាងត្បូង ដែលសមុទ្រជាផ្លូវទឹកយុទ្ធសាស្ត្រនាវាយោធាអន្តរជាតិឆ្លងកាត់ និងជាផ្លូវនាវាចរណ៍ពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេសុទ្ធតែមានការទាមទារអធិបតេយ្យភាពនៅនៅក្នុងសមុទ្រនេះ ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជូននាវាកងទ័ពជើងទឹកឆ្លងកាត់ប្រទេសទាំងនេះ ដើម្បីធានាពីសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ។
បញ្ជាការយោធាភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា នាវាពិឃាត USS Milius កាលពីថ្ងៃព្រហស្បតិ៍ បានបើចូលដែនទឹកជុំវិញប្រជុំកោះ Paracel ។
មន្ត្រីយោធាចិនលោក Tian Junli បាននិយាយថា កងទ័ពចិន បានរៀបចំកងនាវី និងកងទ័ពជើងអាកាសដើម្បីតាមដាននិងត្រួតពិនិត្យកប៉ាល់(របស់អាមេរិក) និងបានព្រមានវាឱ្យចាកចេញ ។
លោកបាននិយាយថា នាវានេះ «បានលុកលុយដោយខុសច្បាប់ចូលទៅក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព» នៅក្នុងតំបន់។
ទោះជាយ៉ាងណាយោធាអាមេរិកបានបដិសេធភ្លាមៗនូវការអះអាងនេះ ដោយប្រាប់ AFP ថា «សេចក្តីថ្លែងការណ៍របស់ ចិន គឺមិនពិត»។
អ្នកនាំពាក្យរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិកបាននិយាយថា នាវានេះ «កំពុងធ្វើប្រតិ បត្តិការជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូង ហើយមិនត្រូវបានបណ្តេញចេញឡើយ» ។
អ្នកនាំពាក្យរូបនេះបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ចរាចរណ៍នាវានិងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
ក្នុងប៉ុន្មានឆ្នាំថ្មីៗអាជ្ញាធរចិនសាងសង់កោះសិប្បនិម្មិត រួមទាំងកន្លែងខ្លះមានកន្លែងយោធាផង ដោយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចយ៉ាងហ្វីលីពីន ឥណ្ឌូណេស៊ីនិងវៀតណាមជាដើមធ្លាប់បានចោទប្រកាន់ថាកប៉ាល់ចិនបានយាយីទូកនេសាទរបស់ពួកគេ៕
ដោយ: វណ្ណ ស័ក្កិ