កម្ពុជា-ចិន គ្រោងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

ភ្នំពេញ៖ កម្ពុជា-ចិន គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេសដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បីឱ្យគម្រោងមួយនេះឱ្យលេចរូបរាងឡើងឆាប់រហ័ស សំដៅប្រែក្លាយសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ កាន់តែប្រសើរឡើង។ គម្រោងនេះ ត្រូវបានសម្រេចឡើងតាមរយៈកិច្ចពិភាក្សាការងាររួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមេទេសរដ្ឋមន្រ្តី  ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺរៀបចំឡើង ដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចរូបរាងឡើង តាមអនុសាសន៍ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកបន្តថា បច្ចុប្បន្នគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គឺទទួលបានការគាំទ្រពីនាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសរបស់ប្រទេសចិន ខណៈក៏គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងនេះផងដែរ។ ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។

ឯកឧត្តមបានឱ្យដឹងថា៖« ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។ ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ ខ្ញុំបានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ»។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី  ស៊ុន ចាន់ថុល ក៏បានលើកឡើងពីគម្រោងធំៗចំនួនបី ប្រាប់ទៅដល់គណៈប្រតិភូរបស់ចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដែលក្នុងនោះមាន ១ គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ២ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd និង ៣ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

នាឱកាសនោះ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន បានឱ្យដឹងថា ទំនួលខុសត្រូវចម្បង របស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិនគឺ ផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ។

ជាមួយគ្នានោះ ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប លោកថា កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ចំណែកឯ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ លោកថា ភាគីចិន គឺស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកកម្ពុជាវិញផងដែរ។

ពាក់ព័ន្ធគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែតនេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៣ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត ក្នុងនោះលោកក៏បានប្តេជ្ញា ជំរុញឱ្យគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតលេចចេញជារូបរាង។

បើតាមក្រសួងសារធារណការ គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង ៣៨២គីឡូម៉ែត្រ ដែលត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ ដែលប្រើរយៈពេលសាងសង់ចំនួនបួនឆ្នាំ។ ផ្លូវនេះ មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ហើយល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ក្នុងនោះមានស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង។

ក្រសួងបន្តថា ខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ហើយ ផ្លូវរថភ្លើងនេះ នឹងត្រូវសាងសង់ផ្លូវអាកាសរំលងកាត់ប្រមាណ ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ ស្ថិតនៅរាជធានីភ្នំពេញ។

 គម្រោងនេះ ផ្តោតសំខាន់ទៅលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដែលឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕អត្ថបទ៖ សែម ពីសី

ads banner