សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា សម្រេចសមិទ្ធផលក្នុងការប្រយុទ្ធនឹងជំងឺរបេងបានល្អប្រសើរ បើធៀបនឹង២០ឆ្នាំមុន
ភ្នំពេញ៖ តាមរយៈសារលិខិតអបអរសាទរ ទិវាពិភពលោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជា បានសម្រេចសមិទ្ធផលក្នុងការប្រយុទ្ធនឹងជំងឺរបេងបានល្អប្រសើរ បើធៀបនឹង២០ឆ្នាំមុន កម្ពុជា ក្លាយជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក។ ក្នុងរយៈពេលយ៉ាងខ្លី កម្ពុជា បានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការងារកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។
សម្តេចតេជោ បានបន្តថា៖ សមិទ្ធផលគួរជាទីគាប់ប្រសើរនេះ គឺសម្រេចបានដោយសារកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិ និងតាមរយៈរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរ។ ក្នុងមួយឆ្នាំៗ មានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ជាក់ស្តែងក្នុងឆ្នាំ២០២១ នៅក្នុងពិភពលោកមានប្រជាជនប្រមាណ ១០លាន ៦សែននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាន ទៅ ៤លាននាក់ ក្នុងមួយឆ្នាំៗ ពុំទាន់បានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ។ ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗប្រមាណ ១លាន ៤សែននាក់។
សម្ដេចបានលើកឡើងថា ជាក់ស្តែងនៅកម្ពុជា មានអត្រាធ្លាក់ចុះចំនួនអ្នកស្លាប់ច្រើនជាងប្រទេសដទៃ ដោយក្នុងឆ្នាំ២០២១ មានការថយចុះ ៥០ភាគរយ បើធៀបនឹងឆ្នាំ២០០០ គឺថយចុះពី ៤២ករណី មកត្រឹម ២១ករណ។ រីឯអ្នកកើតជំងឺរបេង បានថយចុះ ៥០ភាគរយផងដែរ គឺពី ៥៧៩ករណី មកត្រឹម ២៨៨ករណី។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេស ចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា កម្ពុជា នៅតែមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង បើធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត ខណៈនៅមានអ្នកជំងឺជាច្រើនទៀតដែលពុំទាន់បានទទួលសេវា។ ដើម្បីរួមគ្នាកាត់បន្ថយ និងប្រឆាំងជំងឺរបេង សម្តេចបានណែនាំឱ្យត្រូវបន្ត និងរួមគ្នាយកចិត្តទុកដាក់លើបញ្ហានេះដោយត្រូវជំរុញឱ្យមានសកម្មភាពផុលផុសក្នុងការប្រយុទ្ធប្រឆាំងជំងឺរបេង ហើយត្រូវជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប ដើម្បីជំរុញឱ្យអ្នកជំងឺទទួលបានការព្យាបាលបានទាន់ពេលវេលា។
សម្តេច មានប្រសាសន៍ទៀតថា៖ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អនឹងនាំឱ្យមាន ជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាព រីកចម្រើនរុងរឿង។ ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺអាស្រ័យ លើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស ៕ ដោយ វណ្ណលុក


