មនុស្សជាង១លាននាក់បាតុកម្មប្រឆាំងកំណែទម្រងនៅបារាំង តែសហជីពថា មាន៣.៥លាននាក់
ប៉ារីស៖ មនុស្សជាង១លាននាក់បានធ្វើការតវ៉ាប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍ នៅប្រទេសបារាំង បើតាមក្រសួងមហាផ្ទៃ ប៉ុន្តែចំនួនបាតុករអាចមានដល់៣.៥លាននាក់ នេះបើតាមខាងសហជីពវិញ។
ក្រសួងមហាផ្ទៃបារាំងបានប្រកាសឲ្យដឹង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា មនុស្សជាង ១ លាននាក់នៅក្នុងប្រទេសបារាំងបានចូលរួមការតវ៉ាទូទាំងប្រទេស ដោយបដិសេធគម្រោងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលបានស្នើឡើងរបស់រដ្ឋាភិបាល ទាក់ទងនឹងការដំឡើងអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សហជីពដ៏ធំបំផុតរបស់ប្រទេសបារាំង គឺ សហព័ន្ធការងារទូទៅ (CGT) បាននិយាយថា មនុស្សប្រហែល ៣.៥ លាននាក់បានចូលរួមក្នុងបាតុកម្មទូទាំងប្រទេស។
ព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ បានកត់សម្គាល់សកម្មភាពប្រមូលផ្តុំទូទៅទូទាំងប្រទេសលើកទី ៩ ចាប់តាំងពីនាយករដ្ឋមន្រ្តីបារាំង លោកស្រី អេលីហ្សាបេត បន (Elisabeth Borne) កាលពីសប្តាហ៍មុនបានត្រួសត្រាយឱ្យមានមាត្រានៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលបង្ខំឱ្យអនុម័តច្បាប់កំណែទម្រង់សោធននិវត្តន៍។
ដោយភ័យខ្លាចរលកនៃសកម្មភាពហឹង្សា ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យដាក់ពង្រាយប៉ូលីសចំនួន ១២០០០ នាក់ នៅទូទាំងប្រទេស រួមទាំង ៥០០០ នាក់ នៅទីក្រុងប៉ារីសផងដែរ៕

ប្រភពពី Xinhua ប្រែសម្រួលដោយ៖ សារ៉ាត