កូរ៉េខាងជើងសាកល្បងការវាយប្រហារនុយក្លេអ៊ែរក្រោមទឹកថ្មី

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងការវាយប្រហារនុយក្លេអ៊ែរក្រោមទឹកថ្មី ជាប្រភេទ «ដ្រូន»។

ប្រទេសកូរ៉េខាងជើងបានអះអាង នៅថ្ងៃសុក្រ ទី២៤ មីនាថា ខ្លួនបានសាកល្បងយន្តហោះគ្មានមនុស្សបើក សម្រាប់វាយប្រហារនុយក្លេអ៊ែរក្រោមទឹកដែលអាចបញ្ចេញ “រលកយក្សស៊ូណាមិ វិទ្យុសកម្ម” ខណៈដែលខ្លួនបានស្តីបន្ទោសសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ សម្រាប់ស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែយ៉ាប់យ៉ឺន។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបាននិយាយថា ទីក្រុងព្យុងយ៉ាងបានធ្វើសមយុទ្ធជាការឆ្លើយតបក្នុងសប្តាហ៍នេះ រួមទាំងការសាកល្បងប្រព័ន្ធបញ្ជូននុយក្លេអ៊ែរក្រោមទឹកថ្មី។

របាយការណ៍បាននិយាយថា “យន្តហោះគ្មានមនុស្សបើកវាយប្រហារក្រោមទឹកនុយក្លេអ៊ែរនេះអាចត្រូវបានដាក់ពង្រាយនៅឆ្នេរសមុទ្រ និងកំពង់ផែណាមួយ ឬ អូសដោយកប៉ាល់លើផ្ទៃទឹកសម្រាប់ប្រតិបត្តិការ” ហើយ បេសកកម្មរបស់អាវុធនេះគឺដើម្បី “ជ្រៀតចូលទៅក្នុងដែនទឹកប្រតិបត្តិការដោយលួចលាក់ និងបង្កើតរលកយក្សស៊ូណាមិវិទ្យុសកម្ម… ដើម្បីបំផ្លាញក្រុមទាហានជើងទឹក និងកំពង់ផែប្រតិបត្តិការសំខាន់ៗរបស់សត្រូវ”។

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ផ្ទាល់បានត្រួតពិនិត្យការសាកល្បងនេះ ហើយរូបភាពដែលចេញផ្សាយដោយកាសែត រ៉ូឌុង ស៊ីនមុន (Rodong Sinmun) របស់ទីក្រុងព្យុងយ៉ាង ដែលបានបង្ហាញស្នាមញញឹមរបស់លោក Kim និងអ្វីដែលហាក់ដូចជាការផ្ទុះនៅក្រោមទឹក។

ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា ទីក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួច គ្រូស (Cruise) យុទ្ធសាស្ត្រ ដែលត្រូវបានបំពាក់ដោយក្បាលគ្រាប់សាកល្បង ដែលក្លែងធ្វើក្បាលគ្រាប់នុយក្លេអ៊ែរ” កាលពីថ្ងៃពុធ។ ប៉ុន្តែអ្នកវិភាគបានចោទសួរការអះអាងរបស់កូរ៉េខាងជើង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner