ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើរឱ្យទីម័រខាងកើតពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករពីកម្ពុជា តាមរយៈការចុះកិច្ចព្រមព្រៀងគ្នានាពេលកន្លងមក

(ឥណ្ឌូនេស៊ី)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីទីម័រខាងកើតពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករកម្ពុជា តាមរយៈការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់ រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើពិនិត្យលទ្ធភាពឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃវិស័យឯកជននៃប្រទេសទាំងពីរក្នុងការចូលរួមលើកកម្ពស់ការអភិឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើនការរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសការចូលរួមជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសភាពាណិជ្ជកម្មនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្គូរផ្គងពាណិជ្ជកម្មនិងវិនិយោគ ការចូលរួមជាក្រុមហ៊ុនភាគទុនរួម (Joint Venture) ក៏ដូចជា ពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ សំដៅអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ការស្នើរនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារទ្វើភាគីជាមួយ ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត នៅក្នុងពេលអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ (The Twenty-Nine ASEAN Economic Ministers’ Retreat– the 29th AEM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Plataran Heritage Borobudur Hotel ក្នុងទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។

ជាការឆ្លើយតប ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត បានថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានជាសមាជិកសង្គេតការ និងគាំទ្រដល់ដំណើរការចូលជាសមាជិកអាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឯកឧត្តម បានជម្រាបជូនថា នឹងពន្លឿន និងជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធពាណិជ្ជកម្មអង្ករឱ្យបានពេញលេញ ដោយគូសបញ្ជាក់អំពីសក្តានុពលនៃអង្ករកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រខាងកើត បានយល់ស្របផងដែរថា វិស័យឯកជនពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមបានជម្រាបជូនថា នឹងជំរុញឱ្យមានជំនួបរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលនានាផងដែរ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner