ក្រសួងសុខាភិបាលនិងអង្គការយូនីសេហ្វ ប្តេជ្ញារួមគ្នាសម្រេច ឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីសុខភាពកុមារ និងស្ត្រី
ភ្នំពេញ: ក្រសួងសុខាភិបាល និងអង្គការយូនីសេហ្វ(UNICEF)ប្រចាំកម្ពុជា ប្តេជ្ញារួមគ្នាក្នុងការជំរុញឱ្យសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រីទៅតាមគោល ដៅដែលបានគ្រោងទុក។
ការបង្ហាញជំហរនេះ ត្រូវបានលើកឡើងក្នុងឱកាស រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានអនុញ្ញាតឱ្យលោក Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំកម្ពុជា ចូលជួប
សម្តែង ការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីជំនួបនោះ បានឱ្យដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង បានគូសរំលេច អំពីអង្គការយូនីសេហ្វ ថាគឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិដំបូងគេ ដែលបានវិលត្រឡប់មកកម្ពុជា វិញបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនាឆ្នាំ១៩៧៩។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស ថវិកា និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈគម្រោងសុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ កូវីដ១៩»។
លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដែលអាចឱ្យកម្ពុជាសម្រេចបានគោលអភិវឌ្ឍសហសវត្សរ៍មុនកាលបរិច្ឆេទកំណត់ និងសូចនាករសុខភាពផ្សេងៗទៀត។
តំណាងអង្គការយូនីសេហ្វ លោក Will Parks លើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ដោយបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេល ជាង២ឆ្នាំ កន្លងមកនេះបានទទួលជោគជ័យ។
សេចក្តីប្រកាសបន្តថា៖«តំណាងអង្គការ យូនីសេហ្វ ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ ដែលអាចឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះអាចបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ។លើសពីនេះទៀតលោកប្រធានអង្គការយូនីសេហ្វ ក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីសុខភាពកុមារ និងស្ត្រីទៅតាមគោលដៅដែលបានគ្រោងទុក»។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្ដេជ្ញាចិត្តរបស់អង្គការយូនីសេហ្វ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានសំណូមពរឱ្យអង្គការយូនីសេហ្វ បន្តសហការជាមួយអង្គភាពដែលពាក់ព័ន្ធទាំងអស់៕
ដោយ: សុខ រក្សា