សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា ដែលមានចំណងជើងថា “សុខភាពសិក្សាសម្រាប់ទាំងអស់គ្នា – ជំហានទៅកាន់ពិភពលោកដែលកាន់តែប្រសើរ” សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបងនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សាឆ្នាំ២០២១-២០៣០ ស្របតាមគោលនយោបាយជាតិស្តីពីសុខភាពសិក្សារបស់ប្រទេសកម្ពុជា ហើយក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត៣ឆ្នាំចាប់ពីឆ្នាំ២០២០មក ក្រោម “គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដែលហៅកាត់ថា (SHCC) របស់សាកលវិទ្យាល័យតូក្យូ ហ្គាគឹហ្គេ នៃប្រទេសជប៉ុន ដោយមានកិច្ចសហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការគាំទ្រហិរញ្ញប្បទានពីមូលនិធិនីបប៉ុន (The Nippon Foundation)។

ថ្លែងក្នុងពិធីនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យ ក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការកំណត់សំណុំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ។ ក្នុងបរិបទនេះ ការលើកកម្ពស់សុខភាពសិក្សា គឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដល់ការធានាបាននូវការសិក្សារបស់សិស្សប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់ពួកគេ ដើម្បីឈានទៅដល់ការសម្រេចគោលដៅនៃការអប់រំនិងចក្ខុវិស័យរបស់ជាតិ។

ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបញ្ជាក់ថា ការគាំទ្ររបស់គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា(SHCC) នៃសាកលវិទ្យាល័យតូក្យូ ហ្គាគឹហ្គេ នៃប្រទេសជប៉ុន ដែលគាំទ្រថវិកាដោយមូលនិធិនីបប៉ុន កន្លងមកនេះ គឺពិតជាបានជួយដោះស្រាយកង្វល់ដល់វិទ្យាស្ថានគរុកោសល្យទាំងពីរ ដែលកំពុងត្រូវការជាចាំបាច់ ក៏ដូចជាបានជួយដោះស្រាយកង្វល់ដល់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ដែលកំពុងត្រូវការជាចាំបាច់ ក៏ដូចជាបានជួយផងដែរ ក្នុងការរួមចំណែកដល់ការសម្រេចបាននូវកំណែទម្រង់អប់រំគ្រូបង្រៀន ដែលជាសរសរស្តម្ភទី១ ក្នុងចំណោមសរសរស្តម្ភទាំង៥ ដែលដាក់ចេញដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានក៏បានបន្ថែមដែរថា សមិទ្ធិផលដ៏មានសារៈសំខាន់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងធនធានគ្រូបង្រៀន ឱ្យមានជំនាញបង្រៀនមុខវិជ្ជាឯកទេសសុខភាពសិក្សានៅប្រទេសកម្ពុជាទៅថ្ងៃអនាគត សំដៅលើកកម្ពស់សុខភាពកុមារ ក៏ដូចជាសិស្សានុសិស្សកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង៕

ដោយ៖ ឈឹម ទីណា