មន្ត្រីអ៊ុយក្រែន៖ មេដឹកនាំរុស្ស៊ីគួរតែត្រូវបានកាត់ទោសកំបាំងមុខ ចំពោះការឈ្លានពាននៅអ៊ុយក្រែន

កៀវ: រដ្ឋអាជ្ញាកំពូលអ៊ុយក្រែននៅទីក្រុងកៀវ (Kyiv) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា ក្រុមមេដឹកនាំ
រុស្ស៊ីគួរតែត្រូវបានកាត់ទោសចំពោះទង្វើឈ្លានពានទៅលើទឹកដីអ៊ុយក្រែន បើទោះបីជាពួកគេមិនអាចត្រូវបានចាប់ខ្លួនដោយផ្ទាល់ និងនាំខ្លួនយកទៅតុលាការក៏ដោយ។

កំឡុងពេលដែលកំពុងស្ថិតនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលជាមូលដ្ឋានរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅថា ICC លោកអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន អាន់ឌ្រី កូស្ទីន (Andriy Kostin) បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា សាលាក្តីដែលបានរៀបចំទុកសម្រាប់ដោះស្រាយឧក្រិដ្ឋកម្មឈ្លានពាន គួរតែធ្វើការកាត់ក្តីដោយកំបាំងមុខទៅលើមេដឹកនាំរុស្ស៊ីទាំងនោះ។

ការលើកឡើងរបស់លោក កូស្ទីន បែបនេះបានធ្វើឡើងបន្ទាប់ពីលោកបានជួបជាមួយប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ គួររំឭកថា កាលពីសប្តាហ៍មុន តុលាការនេះបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាម និងការនិរទេសកុមារចេញពីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។

គួរដឹងដែរថា ខណៈដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចកាត់ទោសទៅលើឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ក្នុងប្រទេសអ៊ុយក្រែន តុលាការមួយនេះមិនអាចកាត់ទោសឧក្រិដ្ឋកម្មនៃការឈ្លានពានបានទេ នេះគឺដោយសារតែមានឧបសគ្គផ្នែកផ្លូវច្បាប់អន្តរជាតិ។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ក្នុងការបង្កើតសាលាក្ដីពិសេសដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនអស់រយៈពេល ១៣ ខែមកនេះ។ បន្ថែមលើនេះ មេដឹកនាំអ៊ុយក្រែន និងលោកខាងលិចបានចាត់ទុកទង្វើរបស់រុស្ស៊ី ថាជាឧក្រិដ្ឋកម្មនៃការឈ្លានពាន។

លោក កូស្ទីន បាននិយាយថា «សាលាក្តីពិសេសគួរតែផ្ដន្ទាទោសមេដឹកនាំនយោបាយ និងមេបញ្ជាការយោធាកំពូលៗ រួមទាំងលោកពូទីន ចំពោះឧក្រិដ្ឋកម្មនៃការឈ្លានពាន»។ លោកបន្តថា «ខ្ញុំជឿថា សំណុំរឿងអាចដំណើរការទៅបានដោយកំបាំងមុខ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកយុត្តិធម៌ពីការប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ បើទោះបីជាជនល្មើសមិនមានវត្តមាននៅក្នុងសវនាការក៏ដោយ»។

កន្លងមក តុលាការអន្តរជាតិកម្រនឹងធ្វើការកាត់ក្តីកំបាំងមុខខ្លាំងណាស់ ហើយច្បាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបាន ចែងយ៉ាងជាក់លាក់ថា ជនជាប់ចោទត្រូវមានវត្តមានក្នុងអំឡុងពេលសវនាការ។ ព្រឹត្តិការណ៍តែមួយគត់នៃការកាត់ក្តីដោយកំបាំងមុខនៅក្នុងប្រវត្តិសាស្ត្រ គឺករណី ប្រទេសលីបង់ ដែលសាលាក្តីគាំទ្រដោយអង្គការសហប្រជាជាតិបានផ្តន្ទាទោសឧក្រិដ្ឋជនបីនាក់ដែលបានធ្វើឃាតអ្នកនយោបាយលីបង់មួយរូបឈ្មោះថា រ៉ាហ្វ៊ិក ហារីរី Rafik Hariri កាលពីឆ្នាំ២០០៥។

យ៉ាងណាក៏ដោយ តុលាការរបស់ប្រទេសហូឡង់កាលពីឆ្នាំមុន បានកាត់ទោសបុរសបីនាក់ ក្នុងនោះមានជនជាតិរុស្សីពីរនាក់ និងអ៊ុយក្រែនម្នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ីប្រភេទ MH17 កាលពីឆ្នាំ២០១៤ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ហើយកាលនោះ គ្មាន ជន សង្ស័យ ណា ម្នាក់ មាន វត្តមាន នៅ ក្នុង តុលាការនោះ ទេ។

ជាការឆ្លើយតប ស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ីបានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនបានបើកដំណើរការសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងព្រះរាជអាជ្ញា និងចៅក្រមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលបានចេញដីកាចាប់ខ្លួនលោក ពូទីន ហើយទីក្រុងមូស្គូ បានចាត់ទុកដីកាចាប់ខ្លួនជាមោឃៈដោយផ្អែកទៅលើច្បាប់អន្តរជាតិ។
ម៉្យាងវិញទៀត ជាការឆ្លើយតបទៅ នឹងការចោទប្រកាន់ រុស្ស៊ីតែងតែ បានអះអាងជាសាធារណៈថា ខ្លួនបានបញ្ជូនកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ហើយវាគឺជាយុទ្ធនាការមនុស្សធម៌ដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ចោលនៅក្នុងតំបន់ដែលកំពុងមានជម្លោះ៕
ប្រែសម្រួល:ធា សុខណា

ប្រភព៖ Russian leaders should be tried in absentia for aggression in Ukraine, Kyiv official says

ads banner