ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ៖ ការអភិវឌ្ឍក្នុងសាលានគរបាល ភូមិភាគ២ សំដៅលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈកម្លាំងនគរបាល
កំពង់ចាម ៖ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សា ក្នុងសាលានគរបាលភូមិភាគ២ គឺសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងកងនគរបាល ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋលេខាធិការ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ខណៈអញ្ជើញ ត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងជួបសំណេះសំណាល សួរសុខទុក្ខសិស្សនគរបាល ជំនាន់ទី ១៧ នៅសាលានគរបាលភូមិភាគ ២ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានិងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើការងារសំខាន់ៗ ជាពិសេសការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាងវប្បធម៌គុណភាព សំដៅលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ឱ្យឆ្លើយតប ទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោល នយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិតបានយកឱកាសនោះ ថ្លែងកោតសរសើរនិងអរគុណគណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ ២ និងគ្រូនគរបាល ដែលខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវនិងការបង្ហាត់បង្រៀនបានល្អ ព្រមទាំងកោតសរសើរ សិស្សនគរបាលទាំងអស់ដែលបានប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អផងដឺរ ដើម្បីក្លាយជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិសមស្របក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ ៕

ដោយ-រ៉ាវុធ