ប្រធានអង្គកា CAPDI ជម្រាបសម្ដេចតេជោថា ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ប្រធានអង្គកា CAPDI បានលើកឡើងថា ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម គឺជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក Jusuf Kalla ប្រធានអង្គកា CAPDI និងជាសហប្រធានកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបញ្ជាក់ដូចនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា លោក Jusuf Kalla បានសម្តែងការគោរពសម្តេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ ដែលបាននាំកម្ពុជាមកនូវសុខសន្តិភាព ស្ថិរភាព និងជាពិសេស សុខដុមបនីយកម្មរវាងសាសនា និងសាសនា។

លោក Jusuf Kalla បានបញ្ជាក់ជូនសម្ដេចតេជោថា លោកបានដឹកនាំសាសនិកឥស្លាមជាង១០០នាក់ មកចូលរួមស្រាយបួសនៅកម្ពុជា ហើយអ្វីដែលលោកបានឃើញ គឺជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Jusuf Kalla ដែលបានដឹកនាំសាសនិកឥស្លាម មកចូលរួមស្រាយបួសនៅកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ជូនលោក Jusuf Kalla ថា កម្ពុជា បានរៀបចំកម្មវិធីស្រាយបួសនេះជារៀងរាល់ឆ្នាំ។សាសនានៅកម្ពុជា គឺមានសុខដុមភាពណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៧មីនាពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានប្រារព្ធធ្វើឡើងនៅមជ្ឍមណ្ឌលជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងមានសាសនិកអ៊ិស្លាមចូលរួម ជាង ៦ពាន់នាក់ផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner